មេដឹកនាំតួកគីព្រមានពីការចល័តនាវាផ្ទុកយន្តហោះរបស់អាម៉េរិក ខិតទៅជិតអ៊ីស្រាអែល នឹងធ្វើឱ្យមនុស្សស្លា.ប់កាន់តែច្រើន

ប្រធានាធិបតីតួកគី លោក តៃយីប អឺដូហ្គាន (Tayyip Erdogan) កាលពីថ្ងៃអង្គារទី១០តុលា បានរិះគន់សហរដ្ឋអាម៉េរិក ចំពោះការចល័តក្រុមវាយប្រហារតាមនាវាទៅជិតប្រទេសអ៊ីស្រាអែល ដោយអះអាងថា ការណ៍នេះ នឹងជំរុញឱ្យមានការសម្លាប់រង្គាលយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា។  លោក អឺដូហ្គាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអូទ្រីស លោក ខាល់ នេហមមឺរ (Karl Nehammer) ក្នុងទីក្រុងអង់ការ៉ាថា៖«តើ​នាវា​ផ្ទុក​យន្តហោះ​របស់​អាម៉េរិក​ នឹង​ធ្វើ​អ្វី​នៅ​ក្បែរ​អ៊ីស្រាអែល ហេតុអ្វី​ពួកគេ​មក? តើ​នាវា និង​យន្តហោះចម្បាំងនៅ​ជុំវិញ​នឹង​ធ្វើ​អ្វី? ពួកគេនឹងវាយលុកតំបន់ហ្កាហ្សា និងតំបន់ជុំវិញនោះ ហើយចាត់វិធានការសម្រាប់ការសម្លាប់រង្គាលដ៏ធ្ងន់ធ្ងរនៅទីនោះ»។ មេដឹកនាំតួកគី ធ្លាប់បាននិយាយថា តួកគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួលរវាងកងកម្លាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់។ ជម្លោះកើតឡើងនៅពេលដែលប្រទេសតួកគី គាំទ្រប៉ាឡេស្ទីនកាលពីអតីតកាល ធ្វើជាម្ចាស់ផ្ទះសមាជិកក្រុមហាម៉ាស និងបានគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះ ហើយធ្វើការដើម្បីជួសជុលទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំ។  បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី៧តុលា រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) បានបញ្ជាក់កាលពីថ្ងៃទី៩តុលាថា សហរដ្ឋអាម៉េរិកនឹងចល័តក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ ដែលរួមមាននាវា USS Gerald R. Ford ខិតទៅជិតអ៊ីស្រាអែល។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន បានសន្យាគាំទ្រអ៊ីស្រាអែល និងបានចេញការព្រមានដល់នរណាដែលអាចស្វែងរកផលប្រយោជន៍ពីស្ថានភាពនេះ។  នៅឯសេតវិមាន លោក បៃឌិន បានប្រាប់អ្នកយកព័ត៌មានថា៖«សហរដ្ឋអាម៉េរិកបានពង្រឹងជំហរកម្លាំងយោធារបស់យើងនៅក្នុងតំបន់ ដើម្បីពង្រឹងការរារាំងរបស់យើង រួមទាំងការចល័តក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ និងយន្តហោះចម្បាំង»។ លោក បៃឌិន បាននិយាយថា៖«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ទីសព្វាវុធបន្ថែមតាមតម្រូវការ។ ខ្ញុំ​សូម​និយាយ​ម្តង​ទៀត​ចំពោះ​ប្រទេស​ណា​មួយ អង្គការ​ណា​មួយ នរណា​ដែល​គិត​ចង់​ទាញ​យក​ប្រយោជន៍​ពី​ស្ថានការណ៍នេះ ខ្ញុំ​មាន​ពាក្យ​មួយ​មាត់ថា[​កុំ​ធ្វើ]..!​»​។ លោក បៃឌិន ក៏បានបញ្ជូនអ្នកការទូតកំពូលរបស់គាត់ គឺលោក អាន់ថូនី ប្លីងខេន (Antony Blinken) ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយជួបជាមួយមន្ត្រីអ៊ីស្រាអែល ដើម្បីផ្តល់សារនៃសាមគ្គីភាព និងការគាំទ្រ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ាថាយ មីល័រ (Matthew Miller)។  មន្ត្រីអាម៉េរិកនិយាយថា ពួកគេមិនមានភស្តុតាងដែលអ៊ីរ៉ង់រៀបចំការវាយប្រហារនោះទេ ប៉ុន្តែចង្អុលបង្ហាញពីការគាំទ្ររយៈពេលវែងរបស់អ៊ីរ៉ង់ ចំពោះក្រុមហាម៉ាស។ លោក បៃឌិន បានហៅការវាយប្រហាររបស់ក្រុមហាម៉ាស់ថាជា «ទង្វើរបស់ពួកបិសាច» ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រញាប់ប្រញាល់ជំនួយយោធាបន្ថែមដល់អ៊ីស្រាអែល រួមទាំងគ្រាប់កាំភ្លើង និងឧបករណ៍ស្ទាក់ចាប់មីស៊ីល ដើម្បីបំពេញបន្ថែមប្រព័ន្ធការពារដែនអាកាស Iron Dome។ មេដឹកនាំប្រទេសមហាអំណាចមួយនេះ ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តតាមច្បាប់នៃសង្គ្រាម នៅក្នុងការឆ្លើយតបរបស់ខ្លួន។  គួរបញ្ជាក់ថា អាម៉េរិក​អះអាងមិនបញ្ជូនទ័ព​ទៅប្រយុទ្ធនៅ​អ៊ីស្រាអែលទេ គឺបញ្ជូនតែអាវុធប៉ុណ្ណោះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានលើកឡើងថា៖«ដ្បិតទីក្រុងវ៉ាស៊ីនតោន មិនបញ្ជូនទ័ពទៅប្រយុទ្ធក៏ពិតមែន ប៉ុន្តែលោក បៃឌិន នឹងធ្វើឱ្យប្រាកដថា យើងកំពុងការពារផលប្រយោជន៍សន្តិសុខជាតិរបស់យើង គ្រប់ទីកន្លែងដែលផលប្រយោជន៍ទាំងនោះមាន»។ លោក បានបន្ថែមថា ជំនួយផ្នែកសន្តិសុខដំបូងរបស់សហរដ្ឋអាម៉េរិកបន្ថែមដល់អ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនោះ គឺបានដំណើរការហើយ។ យោធាអាម៉េរិកកំពុងខ្នះខ្នែងបញ្ជូនគ្រាប់បែក និងឧបករណ៍យោធាទៅអ៊ីស្រាអែល ហើយបានសម្តែងការគាំទ្រយ៉ាងច្បាស់លាស់សម្រាប់យោធារបស់ប្រទេសនេះ ដោយលើកឡើងថា ការវាយប្រហាររបស់ពួកហាម៉ាសលើជនស៊ីវិលអ៊ីស្រាអែល គឺឃោរឃៅដូចពួក ISIS៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

 
 

អត្ថបទដែលជាប់ទាក់ទង