សង្គ្រាមស៊ីសាច់​ហុត​ឈាម​គ្នារវាង​អ៊ីស្រាអែល និងពួកហាម៉ាស អាចរីកសាយពេញតំបន់ ខណៈលីបង់ និងស៊ីរីលូកដៃ

នៅតាមបន្ទាត់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល គ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមានការបាញ់ផ្លោងរបស់អ៊ីស្រាអែលភ្លាមៗជាការសងសឹក។ ទន្ទឹមនឹងនោះ យោធាបានបញ្ជាក់ថា គ្រាប់ផ្លោងជាច្រើនទៀតដែលបានបាញ់ចេញពីទឹកដីស៊ីរី បានធ្លាក់នៅតំបន់ក្នុងប្រទេសអ៊ីស្រាអែល ដែលជំរុញឱ្យអ៊ីស្រាអែលមានការបាញ់តបវិញ ដោយបង្កើនការភ័យខ្លាចថា អំពើហិង្សានេះអាចនាំឱ្យមានសង្គ្រាមរីករាលដាលកាន់តែធំ។    អ្នកស្រុកជាច្រើនដែលរស់នៅនៅភាគខាងត្បូងប្រទេសលីបង់ បានរៀបចំភៀសខ្លួនដោយភ័យខ្លាចថានឹងមានជម្លោះដ៏ហិនហោចជាថ្មីម្ដងទៀត ជាមួយអ៊ីស្រាអែល បន្ទាប់ពីផ្ទុះអំពើហិង្សាឆ្លងព្រំដែនដ៏សាហាវបំផុតចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦។ ការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើឱ្យអ្នកស្រុកនៅភាគខាងត្បូងប្រទេសលីបង់ ចងចាំពីសង្គ្រាមបំផ្លិចបំផ្លាញក្នុងឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈជម្លោះរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានខិតប្រកៀកទៅនឹងប្រទេសរបស់ពួកគេ។ ភូមិស្រុកជាច្រើនដែលនៅជាប់នឹងប្រទេសអ៊ីស្រាអែលត្រូវបានគេបោះបង់ចោល ខណៈអ្នកស្រុកមួយចំនួនបានភៀសខ្លួន​ទៅ​ទិស​ខាង​ត្បូងជាបណ្តោះអាសន្ន ហើយអ្នកខ្លះទៀតកំពុងជ្រកកោននៅកន្លែងលាក់ខ្លួន ប៉ុន្តែយោធាអ៊ីស្រាអែលអះអាងថា ខ្លួនមិនបានចេញបញ្ជាឱ្យពួកគេចាកចេញពីតំបន់ទាំងនោះទេ។  យ៉ាងណា មនុស្ស៦នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះមានសមាជិកក្រុមហេសបូឡាហ៍៣នាក់ មន្ត្រីអ៊ីស្រាអែលម្នាក់ និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន២នាក់ ដែលបានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដោយការជ្រៀតចូលអ៊ីស្រាអែលពីប្រទេសលីបង់។ អ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុងព្រំដែន Rmeish បានឱ្យដឹងថា ការបាញ់ផ្លោងតាមតំបន់ព្រំដែនមានសភាពធ្ងន់ធ្ងរជាខ្លាំង ដែលធ្វើឱ្យមនុស្ស​រាប់​រយ​នាក់​ ចាកចេញពីតំបន់នេះ ភាគច្រើន​ជា​គ្រួសារ​ដែល​មាន​ក្មេងតូចៗ ឬ​សាច់ញាតិ​ចាស់ជរា។ ភាពតានតឹងបានកើនឡើងចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស វាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ពីតំបន់ហ្កាសាស្ទ្រីប កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស៩០០នាក់ ចាប់ខ្លួនមនុស្សរាប់សិបនាក់ផ្សេងទៀតធ្វើជាចំណាប់ខ្មាំង និងចាប់ផ្តើមសង្រ្គាមដែលប្រជាជនប៉ាឡេស្ទីនជិត៧០០នាក់ត្រូវបានសម្លាប់ផងដែរ។  អំពើហិង្សាកាលពីថ្ងៃចន្ទនៅព្រំដែនលីបង់-អ៊ីស្រាអែល បានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ពួតដៃជាមួយក្រុមហាម៉ាស់នៅតំបន់ហ្កាសា ឆ្លងកាត់ព្រំដែនពីលីបង់ចូលបាញ់ប្រហារក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមហេសបូឡាហ៍ ដែលត្រូវបានបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្នុងឆ្នាំ១៩៨២ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមប៉ាឡេស្ទីន ដែលកំពុងប្រយុទ្ធនឹងអ៊ីស្រាអែល។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្រុមហេសបូឡាហ៍ បានបាញ់ទៅលើទីតាំងអ៊ីស្រាអែលចំនួនបី នៅក្នុងកសិដ្ឋាន Shebaa ដោយបានប្រកាសថា វាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប៉ុន្តែមិនបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែលណាម្នាក់ស្លាប់ ឬរបួសឡើយ ប៉ុន្តែ​រហូតមកដល់​ពេលនេះ ក្រុមហេសបូឡាហ៍ម៉ូស្លីម​និកាយ​ស៊ីអ៊ីត​ ​មិន​បានបើកការ​ប្រឆាំងដោយផ្ទាល់ជាមួយ​អ៊ីស្រាអែលនោះ​ទេ។  ប្រទេសលីបង់បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីកសាងឡើងវិញបន្ទាប់ពីសង្គ្រាមឆ្នាំ២០០៦ ក្នុងអំឡុងពេលដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានវាយលុកភាគខាងត្បូងប្រទេសលីបង់ដែលគ្រប់គ្រងដោយក្រុមហេសបូឡាហ៍ និងបានបំផ្លាញបន្ទាយរបស់ខ្លួននៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។ លីបង់អាចមិនមានលទ្ធភាពបង្កសង្គ្រាមដ៏ធំមួយទៀតជាមួយអ៊ីស្រាអែល បានឡើយ ខណៈប្រទេសសនេះកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ ដែលធ្វើឱ្យមានកំណើននៃភាពក្រីក្រ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ។ ទន្ទឹមនឹងនោះ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបាញ់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់ឆ្ពោះទៅកាន់ប្រទេសស៊ីរីកាលពីថ្ងៃអង្គារ បន្ទាប់ពីគ្រាប់ផ្លោងជាច្រើនបានបាញ់ចេញពីប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន បានធ្លាក់នៅតំបន់បើកចំហនៅលើទឹកដីអ៊ីស្រាអែល។ ប្រភព​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី​ បាន​ឱ្យដឹងថា បក្ខ​ពួករបស់​ប៉ាឡេស្ទីន​បាន​បាញ់​រ៉ុក្កែត​បី​គ្រាប់​សំដៅ​ទៅ​លើ​អ៊ីស្រាអែល។  ការវិវត្តនេះបានបង្កើនការភ័យខ្លាច ថាអំពើហិង្សាអាចនាំឱ្យមានសង្គ្រាមកាន់តែទូលំទូលាយ ខណៈដែលអ៊ីស្រាអែលត្រូវប្រយុទ្ធឆ្លងព្រំដែនជាមួយក្រុមហេសបូឡារបស់លីបង់ និងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ហើយឥឡូវនេះមានភាគីស៊ីរីលូកដៃចូលទៀត។ គួរជម្រាបថា អ៊ីស្រាអែល​ នៅ​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ទំហំ​ធំនៃភាព​ឃោរឃៅ និង​ការ​ភ្ញាក់​ផ្អើល​ពីការ​វាយ​ប្រហារ​របស់​ក្រុមសកម្មប្រយុទ្ធហាម៉ាស។ យុទ្ធជនរបស់ក្រុមនេះ បានទម្លុះរបងសន្តិសុខរបស់អ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃសៅរ៍ដោយប្រើម៉ូតូ និងរថយន្តភីកអាប់ សូម្បីតែអ្នកជិះឆ័ត្រយោង និងទូកល្បឿនលឿននៅលើឆ្នេរសមុទ្រ ពួកគេបានផ្លាស់ទីទៅកាន់សហគមន៍អ៊ីស្រាអែលក្បែរនោះ ជាច្រើនរហូតដល់២២កន្លែង។ ចំនួនអ្នកស្លាប់ខ្ពស់ និងការឆ្លើយតបយឺតៗចំពោះការវាយលុកនេះ បានចង្អុលបង្ហាញពីការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់ដ៏សំខាន់ និងធ្វើឱ្យប៉ះពាល់ដល់ការយល់ឃើញដ៏យូរអង្វែង ដែលថា អ៊ីស្រាអែលមានភ្នែក និងត្រចៀកនៅគ្រប់ទីកន្លែងក្នុងទឹកដីដ៏តូច និងមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដែលខ្លួនបានគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍មកហើយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង