ក្នុងអំឡុង១សប្តាហ៍ខាងមុខនេះ នឹងមានភ្លៀងធ្លាក់ភាគច្រើននៅពេលយប់
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា នៅក្នុងអំឡុងមួយសប្តាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេសកម្រិតទឹកភ្លៀងធ្លាក់នឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ថា ដោយទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឲ្យប្រព័ន្ធសម្ពាធទាប(ITCZ) រំកិលចុះមកក្រោម អូសបន្លាយលើភាគខាងត្បូងប្រទេសកម្ពុជា។ ក្រសួងបានលើកឡើងថាស្ថានភាពបែបនេះនឹងធ្វើឱ្យនៅក្នុងអំឡុងមួយសប្តាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយនិងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ ក្រសួងបានបន្តថានៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅ មធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៥០%៕ សម្រួល ដោយ ទៀង បុណ្ណរី