ត្រីងៀតឆ្លៀតពង! ប្រធានឥណទានធនាគារ ABA សាខាបុរីកីឡា លួចបន្លំឯកសាដកលុយជិត៣០ម៉ឺនដុល្លារ ត្រូវបានឃាត់ខ្លួន

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានតួនាទីជាប្រធានឥណទានធនាគារ ABA សាខាបុរីកីឡា ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌ៧មករាធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយរងនូវបទចោទពីបុគ្គលិកដែលតំណាងឱ្យមន្ត្រីជាន់ខ្ពស់ធនាគារABA លើករណីលួចបន្លំឯកសាដកលុយពីធនាគារ ABA សាខាបុរីកីឡា ស្ថិតនៅផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​កាលពីវេលាម៉ោង១៤:០៦នាទីថ្ងៃទី០៩តុលា ឆ្នាំ២០២៣…។  បើតាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ក្រោយមានពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ឈ្មោះ គ្រេង សុខជាតា អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារ ABA សាខាបុរីកីឡា (តំណាងធនាគារ ABA) ស្នាក់នៅសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ មានតួនាទីជាប្រធានឥណទានធនាគារ ABA សាខាបុរីកីឡា មានទីលំនៅ បន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទលួចបន្លំឯកសារដកប្រាក់ពីធនាគារ ABA សាខាបុរីកីឡា ចំនួន២៧០៣៧៦,៩៤ ដុល្លារអាម៉េរិក។  ក្នុងប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ កិច្ចសន្យាសងប្រាក់៩០៣៧៦,៩៤ ដុល្លារអាម៉េរិកចំនួន១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ,លិខិតទទួលស្គាល់ប្រាក់ដែលដកពីធនាគារ០១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣,​ របាយការណ៍គណនេយ្យចំនួន៥សន្លឹក(ថតចំលង)។ បច្ចុប្បន្ន នារីជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង