ពិភពលោក ប្រឈមបាត់បង់ឱសថពាក់កណ្ដាល ព្រោះការផុតពូជនៃរុក្ខជាតិ

បើតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងការបាត់បង់ឱសថប្រហែលពាក់កណ្ដាលនាពេលអនាគត ដោយសារការផុតពូជនៃរុក្ខជាតិ ។   រុក្ខជាតិមានផ្កាប្រហែល ១០ ម៉ឺនប្រភេទកំពុងរងនូវការគំរាមកំហែង ហើយថ្នាំភាគច្រើនពឹងផ្អែកលើរុក្ខជាតិជាគ្រឿងផ្សំ ដូច្នេះទើបវាប្រឈមខ្លាំងបែបនេះ ។  ទន្ទឹមនោះ ការរកឃើញនេះបានមកពីរបាយការណ៍ “State of the World’s Plants and Fungi” ដែលជារបាយការណ៍ដ៏សំខាន់មួយ ធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅឧទ្យាន Kew ភាគខាងត្បូងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ។  របាយការណ៍ពីអ្នកវិទ្យាសាស្ត្រជាង ២០០ នាក់មកពី ១០២ ស្ថាប័នក្នុង ៣០ ប្រទេសជុំវិញពិភពលោកដែលបានចូលរួមចំណែកក្នុងរបាយការណ៍របស់ Kew និយាយទៀតថា រុក្ខជាតិ និងផ្សិតជាង ៥៩ ភាគរយ ដែលសំបូរខ្លាំងនៅឆ្នាំ ២០២០ ទំនងជាជិតផុតពូជ ហើយ ២៤ ភាគរយទៀតដាច់ពូជតែម្ដង ។  អ្នកវិទ្យាសាស្ត្រនៅឧទ្យាន Kew ក៏បានព្រមានផងដែរថា រុក្ខជាតិជាច្រើននឹងផុតពូជ មុនពេលពួកគេត្រូវគេរកឃើញទៅទៀត ។ ពួកគេប៉ាន់ប្រមាណថា រុក្ខជាតិ ៣ ក្នុងចំណោម ៤ ដែលមិនទាន់រកឃើញដោយវិទ្យាសាស្រ្ត គឺមានហានិភ័យផុតពូជខ្ពស់គួរឲ្យព្រួយបារម្ភ ។   គួរបញ្ជាក់ថា ផ្សិតក៏ជាប្រភពឱសថដ៏មានសក្តានុពល និងសមាសធាតុមានប្រយោជន៍ផងដែរ ហើយមានផ្សិតតែ ១៥៥ ០០០ ប្រភេទប៉ុណ្ណោះក្នុងចំណោមផ្សិតប្រហែល ២.៥ លានប្រភេទនៅទូទាំងពិភពលោកត្រូវបានចុះបញ្ជី ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង