បុរសម្នាក់ដួលម៉ូតូរបួសធ្ងន់ ក្រោយភ័យស្លន់ពេលឃើញជនស៊ីវិល២នាក់ដេញតាមពីក្រោយ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់បែកមុខខ្ទេច ខណៈពេលជិះម៉ូតូរត់គេចពីជនស៊ីវិល២នាក់ រហូតដួលម៉ូតូជ្រុះថ្នាំញៀន១កញ្ចប់តូច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមលាយខ្មៅ ដោយជិះទៅក្រោយវត្តចាស់ ម្តុំជ្រោយចង្វារ។ ភ្លាមៗនោះ គេក៏ស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូ២គ្រឿងស្លៀកពាក់ស៊ីវិល បានធ្វើសកម្មភាពជិះដេញតាមពីក្រោយបុរសរូបនោះ ធ្វើឲ្យបុរសរូបនោះខាងលើដឹងខ្លួនមុនក៏ជិះម៉ូតូរត់គេចខ្លួនចេញពីវត្តចាស់ រហូតដល់ក្បែរសាលាន័រតុន ស្ថិតនៅលើផ្លូវកែវចិន្តា។ នកឃើញហេតុការណ៍បានបន្តថា បន្ទាប់មកបុរសរូបនោះក៏បត់ចូលផ្លូវបេតុងមួយកន្លែង ប៉ុន្តែដោយសារតែភ័យស្លន់ស្លោរពេក ក៏បានជ្រុលចង្កូតទៅបុ.កសសរផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលម៉ូតូបែកមុខខ្ទេចរងរបួសធ្ងន់តែម្ដង។ ខណៈពេលឃើញសភាពបុរសរូបនោះបែបនេះ ជនស៊ីវិលទាំង២នាក់ ក៏បើកម៉ូតូចេញពីទីតាំងកើតហេតុបាត់តែម្តងទៅ។ ក្រោយពេលជួបគ្រោះថ្នាក់ នៅក្បែរខ្លួនរបស់បុរសរូបនោះ គេបានប្រទះឃើញម្សៅក្រាម.សថ្លា១កញ្ចប់តូច ក្នុងនោះមានគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងទៀតដូចជា ដែកកេះ និងកែវសម្រាប់ជក់ថ្នាំ និងបំពង់បឺតផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីរង់ចាំម្ចាស់ម៉ូតូមកទទួលនៅពេលក្រោយ។ ចំណែកបុរសដែលដួលម៉ូតូខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី