ម្ចាស់ចាប់បាន! ​ជនសង្ស័យថា ចង់បានឡានរក​ស៊ី ទើបកក់ឱ្យគេ​៦០០ដុល្លារ រួចបើកគេច​ខ្លួន​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​រថយន្ត​ផ្លា​ដឺ​ហ្វ័​ម សម្រាប់​ដឹក​គ្រឿងចក្រ​១​គ្រឿង​រួច​ព្យាយាម​បើកគេច ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដឹង​ទាន់ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ និង​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​រហូត​ឃាត់​បាន​រួច​វាយ​ខ្នោះដៃ​នាំ​ទៅ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។  ហេតុការណ៍​​ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។  ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ប៊ុ​ន វិសាល អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​អចិន្ត្រៃយ៍ភូមិ​៦ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ផ្លា​ដឺ​ហ្វ័​ម​សម្រាប់​ដឹក​គ្រឿងចក្រ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3085 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ញិ​ល រិ​ត អាយុ​៣៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មានស្រុក​កំណើត ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។  បុរស​ជា​ម្ចាស់​រថយន្ត​បាន​និយាយ​ថា នៅ​មុន​កើតហេតុ កាលពី​វេលា​យប់​ថ្ងៃ​ទី​៩ ខែតុលា គាត់​បាន​ទុក​រថយន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ រួច​បាន​ចូល​ដេក​នៅ​ក្នុងផ្ទះ ហើយ​ខណៈ​ពេល​កំពុង​ដេក​លក់ ស្រាប់តែ​ឮ​សូរ​សម្លេង​បញ្ឆេះ​រថយន្ត ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ពី​ដំណេក​ក្រោក​រត់​ចេញ​ទៅ​មើល ឃើញ​ជនសង្ស័យ​កំពុង​បើករថយន្ត​គាត់​ចេញពី​កន្លែង​ចត ទើប​គាត់​ស្រែក​ឆោឡោ​និង​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជាប់​រហូត​។ ជនសង្ស័យ​បាន​បើករថយន្ត​គេច​ទៅ​តាម​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ហើយ​គាត់​បាន​ដេញ​តាម​រហូត​ដល់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​លេខ​៤២ ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល បាន​ជួប​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​កំពុង​ល្បាត ហើយ​គាត់​ក៏​បាន​ប្តឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​។   បុរស​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​នគរបាល​ក៏​បាន​ជួយ​ដេញ​តាម ហើយ​ជនសង្ស័យ​បាន​បើក​គេច​ឡើង​ទៅ​តាម​ផ្លូវជាតិ​លេខ​៣ រហូត​ដល់​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទើប​កម្លាំង​នគរបាល​ស្ទាក់​ឃាត់​បាន​រួច​វាយ​ខ្នោះដៃ​នាំ​ទៅ​សាកសួរ​មួយ​ជំ​ហ៊ាន ។​ បន្ទាប់​មក​នគរបាល​ខណ្ឌ​កំ​បូល​បាន​ប្រគល់​ជនសង្ស័យ​រូប​នោះ​ទៅ​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ព្រោះ​រថយន្ត​នេះ​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។  ក្រោយ​ពេល​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ជា​យំសោក​ស្ដាយ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត និង​បាន​និយាយ​ថា ខ្លួន​ចង់​ទិញ​រថយន្ត​ធុន​ធំ​១​គ្រឿង​ដើម្បី​រក​ស៊ី​ ហើយ​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ ម៉ា​ប់ អាយុប្រមាណ​ជាង​៤០​ឆ្នាំ ទើប​ស្គាល់គ្នា​នៅ​វេលា​យប់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ ប្រាប់​ថា «​បើ​ចង់​ទិញ​ឡាន​រូបគេ​(​ឈ្មោះ​ម៉ា​ប់​)​មាន​១​គ្រឿង​»​។​ បន្ទាប់​មក​ឈ្មោះ​ម៉ា​ប់​បាន​ចង្អុលបង្ហាញ​ទៅ​រថយន្ត​ផ្លា​ដឺ​ហ្វ័​ម​១​គ្រឿង​ខាងលើ ដែល​ម្ចាស់​ឈប់​ចត​ទុក​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ ហើយ​ឈ្មោះ​ម៉ា​ប់​បាន​ប្រាប់​ទៀត​ថា​«​បើ​ចង់បាន​ កក់លុយ​មុន​តែ​១,០០០​ដុល្លារ​មក​»​។   ជនសង្ស័យ​បាន​និយាយ​ទៀត​ថា ខ្លួន​ក៏​ដឹង​ថា​រថយន្ត​នោះ​មិនមែន​ជា​របស់​ឈ្មោះ​ម៉ា​ប់​ឡើយ ប៉ុន្តែ​ដោយសារ​តែ​ចង់បាន​រថយន្ត​រក​ស៊ី​ ក៏​សុខចិត្ត​យក​លុយ​៦០០​ដុល្លារ​ប្រគល់​ឲ្យ​ឈ្មោះ​ម៉ា​ប់ ។​ លុះដល់​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ ខ្លួន​ក៏​បាន​ទៅ​បើករថយន្ត​នោះ​យក​ចេញ​គេចខ្លួន ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​ម្ចាស់​ដឹង​ទាន់​ដេញ​តាម និង​ប្ដឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​បែប​នេះ​តែ​ម្ដង​៕​    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង