ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ កើនដល់១៥០០នាក់ ខណៈគ្រាប់បែកបន្តធ្លាក់ដូចទឹកភ្លៀង

ជនជាតិអ៊ីស្រាអែលជាង៩០០នាក់ និងជនជាតិប៉ាឡេស្ទីនប្រមាណ៦០០នាក់ ត្រូវបានសម្លាប់ ខណៈការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកនៅតែបន្តយ៉ាងខ្លាំងក្លា បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទសវត្សរ៍។  រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូវ កាឡិន (Yoav Gallant) បានឱ្យដឹងថា អាជ្ញាធរនឹងបិទផ្លូវទាំងស្រុងនៅតំបន់ហ្កាហ្សា ហើយកាត់ផ្តាច់ចរន្តអគ្គិសនី និងរារាំងការផ្គត់ផ្គង់ស្បៀងអាហារ និងឥន្ធនៈ ដែលជាផ្នែកមួយនៃការឡោមព័ទ្ធទាំងស្រុងលើតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។ ចំណាត់ការនេះ ត្រូវបានប្រកាសនៅពេលដែលក្រសួងសុខាភិបាលរបស់ហ្កាហ្សាបានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួនជាង៦០០នាក់ ត្រូវបានសម្លាប់ និង២៧៥១នាក់ទៀតបានរងរបួសនៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ជុំវិញចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលក្រុមហាម៉ាស បានចាប់ផ្តើមការវាយលុកទៅលើអ៊ីស្រាអែល។ ដោយឡែក នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់៩០០នាក់ ហើយមនុស្ស​ជាង២២០០នាក់​ផ្សេងទៀត​បាន​រង​របួស​។  យោធាអ៊ីស្រាអែលបានលើកឡើងថា ខ្លួនបានវាយប្រហារគោលដៅជាង១ពាន់កន្លែង នៅតំបន់ហ្កាហ្សា រួមទាំងការវាយឆ្មក់តាមអាកាសជាច្រើនផងដែរ។ ទន្ទឹមគ្នានោះ អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង១២៣០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបន្លាស់ទីលំនៅដ្ឋានចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា។ នៅតំបន់ហ្កាហ្សា ដែលជាតំបន់តូចមួយមានប្រជាជន ២,៣លាននាក់ ត្រូវបានហ៊ុំព័ទ្ធដោយអ៊ីស្រាអែល-អេហ្ស៊ីប អស់រយៈពេល១៦ឆ្នាំមកហើយ ពេលនេះមនុស្សក្នុងតំបន់កំពុងមានការភ័យខ្លាចចំពោះការកើនឡើងបន្ថែមទៀត។ វិហារអ៊ីស្លាមទីបួនត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើសង្កាត់ Yarmouk ក្នុងតំបន់ហ្កាហ្សា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ដានីយ៉ែល ហាហ្គារី (Daniel Hagari) បានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអែលបានគ្រប់គ្រងសហគមន៍របស់ខ្លួនជាច្រើនឡើងវិញ បន្ទាប់ពីការលុកលុយដ៏ធំរបស់យុទ្ធជនហាម៉ាស។ លោក​បាន​បន្ថែម​ថា អាច​នឹង​នៅ​មាន​ភេរវករ​នៅ​ក្នុង​តំបន់។  គួរបញ្ជាក់ថា មន្ត្រីយោធារបស់អ៊ីស្រាអែលបានកេណ្ឌទាហាន​បម្រុង​ប្រហែល៣សែននាក់ ហើយ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អ៊ីស្រាអែល​នឹង​មាន​បំណង​បញ្ចប់​ការគ្រប់គ្រង​របស់​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា។ ទន្ទឹមគ្នានោះ ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានអះអាងថា ពួកគេកំពុងឃុំខ្លួនឈ្លើយសឹកជាង១៣០នាក់ ដោយបន្ថែមថា ឈ្លើយសឹកទាំងនោះនឹងត្រូវបានដោះដូរសម្រាប់ការដោះលែងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលជាប់ឃុំដោយអ៊ីស្រាអែល។ ឈ្លើយសឹក​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ទាហាន និង​ជន​ស៊ីវិល រួម​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់ ដោយ​ភាគច្រើន​ជា​ជនជាតិ​អ៊ីស្រាអែល ប៉ុន្តែ​ក៏មាន​ជន​ជាតិ​ដទៃ​ទៀត​ផង​ដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង