៩ ខែ ឆ្នាំនេះ មានកម្មករនិយោជិតជាង ១០០ នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើង ៥%
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មានកម្មករនិយោជិតប្រមាណជាង ៤ ពាន់នាក់ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះស្លាប់ជាង ១០០ នាក់ មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ កន្លងទៅ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ តុលានេះថា រយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត មានកើតឡើងចំនួន ៣៧១៥ ដែលមានជនរងគ្រោះ ៤២៧៦ នាក់ និងស្លាប់ ១០៧ នាក់។ លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើង ដោយ ៩ ខែឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣១៥២ ករណី កើនឡើង ១៨% ជនរងគ្រោះ ៣៦៩៧ កើនឡើង ១៦% និងស្លាប់ ១០២ កើនឡើង ៥%។ លោក កក្តា អ៊ន បានបន្តថា «ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ និយោជិត អ្នកបើកបររថយន្តដឹកកម្មករ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ត្រូវបើកបរ និងធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ កុំប្រើប្រាស់គ្រឿងញៀន និងបើស្រវឹងកុំបើកបរ ដើម្បីរក្សាជីវិតខ្លួនឯង និងអ្នកដទៃ»៕ សម្រួលដោយ ទៀង បុណ្ណរី