ព្រះអគ្គីឆាបឆេះទូកនេសាទត្រីអូសយ៉ាំងកែវយ៉ាងសន្ធោសន្ធៅ នោកណ្តាលទន្លេមេគង្គ
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទូកនេសាទត្រីអូសយ៉ាំងកែវ របស់ជនជាតិវៀតណាម១គ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកណ្តាលទន្លេមេគង្គ នៃទឹកដីឃុំបួរ ស្ថិតក្នុងស្រុកល្វាឯម ជាប់ព្រំប្រទល់ឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ បើតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ឱ្យដឹងថា «ទូកនេសាទដែលត្រូវភ្លើងឆាបឆេះខាងលើនេះ គឺជាប្រភេទទូកឈឺអូសយ៉ាំងកែវ តាមដងទន្លេមេគង្គរបស់ជនជាតិវៀតណាមមិនស្គាល់ឈ្មោះ»។ សមត្ថកិច្ចបន្តថា «ហើយនៅមុនពេលកើតហេតុ ទូកនេសាទមួយគ្រឿងនេះ បានបើកចូលច្រាំង ដើម្បីចាក់ប្រេង ហើយក៏បើកចេញមកវិញ លុះមកដល់ពាក់កណ្តាលទន្លេ ដោយសង្ស័យថា ឆ្លងខ្សែភ្លើង ឬឆ្លងក្បាលម៉ាស៊ីនកកិតគ្នា ទើបបណ្ដាលឱ្យក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ដោយសារតែទូកនៅក្នុងទឹកស្រាប់ អណ្តាតភ្លើងក៏រលត់ទៅវិញដោយខ្លួនឯងទៅ»។ សូមបញ្ជាក់ថា ករណីខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់គ្រោះថ្នាក់នោះឡើយ គ្រាន់តែភ្លើងឆាបឆេះខូចខាតសម្ភារៈ និងទូកបន្តិចបន្តួចតែប៉ុណ្ណោះ៕ សម្រួលដោយ ទៀង បុណ្ណរី