យល់ដឹងពីជំនួញ៖ អ្នកជំនួញ និងអ្នកជំនាញលើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរការដាំបន្លែនៅតាមទីវាលមកដាំក្នុងផ្ទះសំណាញ់ ដើម្បីទទួលបានទិន្នផលខ្ពស់ មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបានគ្រប់រដូវកាល
ភ្នំពេញ៖ អ្នកជំនួញក្នុងវិស័យកសិកម្មល្បីឈ្មោះមួយរូប គឺអ្នកឧកញ៉ា ហ៊ុន ឡាក់ បានលើកទឹកចិត្តដល់កសិករដែលធ្លាប់តែដាំបន្លែនៅតាមទីវាល ផ្លាស់ប្តូរមកដាំដុះនៅក្នុងផ្ទះសំណាញ់វិញ ដើម្បីទទួលបានទិន្នផលខ្ពស់ ប្រមូលផលបានច្រើនដង អាចផ្គត់ផ្គង់ទីផ្សារបានច្រើនរដូវ ហើយពិសេសនោះថែមទាំងមានតម្លៃថ្លៃជាងបន្លែដែលដាំនៅតាមទីវាលទៀតផង។ លោកពន្យល់បន្តថា «ការដាំដុះនូវប្រភេទបន្លែស្លឹកនៅក្នុងផ្ទះសំណាញ់ អាចជួយទៅដល់កសិករឱ្យគាត់អាចផលិតបានច្រើនដង ពោលគឺអាចផលិតវិលជុំ ដែលអាចប្រមូលផលបានពី៨ទៅ៩ដងក្នុងមួយឆ្នាំ ខណៈការផលិតមិនមែននៅក្នុងផ្ទះសំណាញ់ ឬតាមទីវាល អាចប្រមូលផលបានតែ៣ទៅ៤ដល់ក្នុងមួយឆ្នាំប៉ុណ្ណោះ»។ ចំណែកឯតម្លៃវិញ ក៏អាចលក់បានថ្លៃជាងបន្លែធម្មតាបានផងដែរ បើធៀបជាមួយនឹងបន្លែដែលដាំនៅតាមទីវាល។លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម និងជាក្រុមប្រឹក្សាភិបាលបណ្តាញកសិអេកូឡូស៊ី ដែលបានបណ្តុះបណ្តាលកសិករឱ្យដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បានពន្យល់ថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់មានអំណោយផលជាងការដាំដុះបន្លែនៅតាមទីវាល ព្រោះទទួលបានទិន្នផលច្រើនជាង និងកាត់បន្ថយផលរំខានបានច្រើន ដូចជាសត្វល្អិត ឬការប្រែប្រួលអាកាសធាតុ។ លោកបន្តថា ជាទូទៅការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ប្រសិនបើមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ គឺអាចដាំដុះបានពេញមួយឆ្នាំ ខុសពីការដាំដុះនៅទីវាល គឺអាចដាំល្អបានតែនៅរដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែមេសាប៉ុណ្ណោះ ហើយបើចូលមកដល់រដូវវស្សារៀងពិបាកដាំ។ ចំណែកបច្ចេកទេសនៃការដាំដុះវិញ មិនទាមទារឱ្យកសិករចេះបច្ចេកទេសច្រើននោះទេ។ ទោះបីជាយ៉ាងនេះក្តី លោកថា អ្វីដែលសំខាន់គឺដើមទុននៃដាំដុះនៅក្នុងផ្ទះសំណាញ់គឺត្រូវចំណាយទុនទៅលើការសាងសង់ផ្ទះសំណាញ់ខ្ពស់។ ជាក់ស្តែងកន្លងមក កសិករដែលបានដាំដុះនៅក្នុងផ្ទះសំណាញ់ ក្នុងទំហំដី៨ម៉ែត្រ គុណនឹង២៥ម៉ែត្រ ចំណាយថវិកាសម្រាប់ធ្វើផ្ទះសំណាញ់ក្នុងរង្វង់ប្រមាណ៣ពាន់ដុល្លារ។ លោកមានប្រសាសន៍ថា «ខ្ញុំលើកទឹកចិត្តសម្រាប់កសិករខ្នាតតូចឱ្យដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ព្រោះគាត់អាចដាំដុះបានពេញមួយឆ្នាំ។ ហើយម្យ៉ាងអាចកាត់បន្ថយបានច្រើនផង ដូចជាការបំផ្លាញពីសត្វល្អិត ហើយការថែទាំ និងលក្ខណៈបច្ចេកទេសវាល្អជាងការដាំនៅទីវាល។ តែសម្រាប់កសិករខ្នាតធំខ្ញុំគិតថា អាចនឹងចំណាយទុកច្រើនខ្លាំង»។ លោកលើកឡើងបន្តថា កន្លងមកមានចាប់អារម្មណ៍ច្រើនពីកសិករ នៅក្នុងការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ប៉ុន្តែពួកគាត់ហាក់មានភាពស្ទាក់ស្ទើក្នុងការវិនិយោគទៅលើការដាំដុះក្នុងផ្ទះសំណាញ់ ដោយសារតែចំណាយទុនច្រើន។ យ៉ាងនេះក្តីប្រសិនបើអង្គការដៃគូរពាក់ព័ន្ធ និងរដ្ឋាភិបាលមានការគាំទ្រហិរញ្ញវត្ថុដល់កសិករ នឹងជំរុញឱ្យមានការដាំដុះបន្លែក្នុងផ្ទះសំណាញ់បានកាន់តែច្រើន ព្រោះសម្រាប់កសិករខ្នាតតូចអាចថា ជាការចំណាយទុនខ្ពស់សម្រាប់គាត់។ ពាក់ព័ន្ធនឹងទីផ្សារបន្លែនៅកម្ពុជាវិញ អ្នកឧកញ៉ា ហ៊ុន ឡាក់ សង្កេតឃើញថា បច្ចុប្បន្ននេះ កសិករមួយចំនួនបានងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់ច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែលោកលើកទឹកចិត្តឱ្យកសិករដាំដុះបន្ថែមទៀត ដើម្បីមានបន្លែច្រើនក្នុងផ្គត់ផ្គង់ក្នុងទីផ្សារ និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ លោកលើកឡើងបន្តថា បច្ចុប្បន្ននេះលំហូរចូលនៃបន្លែពីក្រៅប្រទេសនៅតែមានចំនួនច្រើននៅឡើយ ហេតុនេះទើបភាគីពាក់ព័ន្ធជំរុញការផលិត ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង និងជួយដល់កសិករបង្កើននូវផលិតភាព និងប្រាក់ចំណូល។ លោកបន្ថែមថា ក្នុងការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស គឺត្រូវជំរុញ និងជួយដល់កសិករឱ្យផលិតនូវប្រភេទបន្លែ ផ្លែឈើតាមស្តង់ដារសុវត្ថិភាព តាមប្រព័ន្ធ Cam gap ដែលប្រព័ន្ធនេះនឹងជួយបញ្ចៀសនូវការនាំចូលនូវបន្លែផ្លែឈើពីក្រៅប្រទេស។ លោកគូសបញ្ជាក់បន្ថែមថា «ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញក៏ដូចជា ក្រសួងកសិកម្ម ដើម្បីអាចជៀសនូវលំហូរនាំចូលនោះ គឺយើងត្រូវតែផលិតតាមមួយបែបទៀត គឺផលិតតាមស្តង់ដារសុវត្ថិភាព តាមប្រព័ន្ធដែលក្រសួងកសិកម្មបានដាក់ចេញគឺ ការអនុវត្តកសិកម្មល្អ ឬ Cam Gap ។ Cam Gap នេះគឺអាចជៀសនូវការនាំចូលពីក្រៅប្រទេសបាន ដោយសារតែផលិតផលមួយចំនួនដែលនាំចូលមកពីខាងក្រៅនោះគឺជាផលិតផលដែលប្រើថ្នាំគីមី ដែលមិនមែនជាបន្លែសុវត្ថិភាពនោះទេ ហើយក៏មិនដឹងមកពីណា មានប្រភពមិនច្បាស់លាស់។ ហេតុនេះហើយបើយើងប្រឹងជំរុញ អនុវត្ត និងជួយទៅដល់កសិករ ឱ្យដាំដុះបន្លែផ្លែឈើនៅក្នុងប្រព័ន្ធស្តង់ដារសុវត្ថិភាពនឹងអាចជៀសនូវការប្រកួតប្រជែងលំហូរបន្លែ ផ្លែឈើនាំចូលបាន»។ ប៉ុន្តែយ៉ាងណា លោកលើកឡើងថា បញ្ហាទីផ្សារបន្លែនៅកម្ពុជាហាក់នៅមានភាពចង្អៀត ដោយសារតែមិនទាន់មានផ្សារបោះដុំ ដែលជាផ្សារធំស្រូបយកផលិតផលកសិកម្ម ដែលកសិករផលិតបាន ។ ហេតុដូច្នេះហើយទាមទារឱ្យភាគីពាក់ព័ន្ធជំរុញបន្ថែម ដើម្បីឆ្លើយតបការផលិត ទីផ្សារសម្រាប់ស្រូបយក និងការប្រកួតប្រជែង។ លោកថា ពាក់ព័ន្ធនឹងទីផ្សារសម្រាប់ស្រូបយកផលិតផលកសិកម្មនេះ បច្ចុប្បន្ននេះ រដ្ឋមន្រ្តីក្រសួងកសិកម្មបាននិងកំពុងលើកទឹកជំរុញឱ្យមានការរៀបចំផ្សារនេះផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី