ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានកើនដល់ជាង២ពាន់នាក់
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងដែលបានអង្រួនភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ជាង ២០០០ នាក់ហើយ។ លោក មូឡា ហ្សាណាន សាយអ៊ីក (Mullah Janan Sayeeq) អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ២០៥៣ នាក់បានស្លាប់ របួស ៩២៤០ នាក់ និងផ្ទះ ១៣២៩ ខ្នងរងការខូចខាត ឬបំផ្លាញ។ អាជ្ញាធរគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍គ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ អមដោយការរញ្ជួយដីខ្លាំងបានសម្លាប់មនុស្សរាប់សិបនាក់នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ លោក អាប់ឌុល វ៉ាហ៊ីដ រ៉ាយ៉ាន (Abdul Wahid Rayan) អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅទីក្រុង Herat គឺខ្ពស់ជាងការរាយការណ៍ដំបូង។ លោកបន្តថា ភូមិប្រហែលប្រាំមួយត្រូវបានបំផ្លាញ ហើយជនស៊ីវិលរាប់រយនាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែក។ វាជាការរញ្ជួយដីដ៏សាហាវបំផុតមួយ ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលពីរទសវត្សរ៍។ អង្គការសហប្រជាជាតិកាលពីល្ងាចថ្ងៃសៅរ៍ បានផ្តល់តួលេខបឋមនៃអ្នកស្លាប់ចំនួន ៣២០ នាក់ ប៉ុន្តែក្រោយមកបានបញ្ជាក់ថាតួលេខនេះនឹងបន្តកើនឡើងជាលំដាប់។ អង្គការសហប្រជាជាតិ លើកឡើងថា ដៃគូ និងអាជ្ញាធរក្នុងតំបន់រំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តចំពេលមានរបាយការណ៍ថាមនុស្សជាច្រើននៅតែជាប់ក្រោមអគារបាក់រលំ៕ សម្រួលដោយ ទៀង បុណ្ណរី