តុលាការសម្រេចឃុំខ្លួនហើយ មេខ្លោងកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋដោយខុសច្បាប់
ខេត្តស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង លោកស្រី នូ ច័ន្ទសុគន្ធា អមដោយលោក ស៊ាន គឺមហេង ជាក្រឡាបញ្ជី បានសម្រេចចេញដីការឃុំខ្លួនជនត្រូវចោទឈ្មោះ អ៊ុក ល័ក្ខ ដែលជាមេខ្លោង ទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន ស្ថិតក្នុងសំណុំរឿងកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋ ដែលប្រព្រឹត្តនៅភូមិសាស្ត្រភូមិឧបសម្ព័ន្ធអ៊ីឬ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនជាប់ចោទជាមេខ្លោងខាងលើនេះ មានឈ្មោះ អ៊ុន ល័ក្ខ ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជនជាតិខ្មែរ មុខរបរកសិករ មានទីកន្លែងកំណើតនៅភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិឧបសម្ព័ន្ធអ៊ីបុ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនលេខ៖៥៦៣ ២៣ សំណុំរឿងព្រហ្មទណ្ឌលេខ៣៧៧ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ជនជាប់ចោទរូបនេះ ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «កាប់រាន ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ដែលប្រព្រឹត្តនៅភូមិឧបសម្ព័ន្ធអ៊ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ស្តីពីព្រៃឈើ។ នៅចំពោះមុខសមត្ថកិច្ច ជនត្រូវចោទឈ្មោះ អ៊ុក ល័ក្ខ បានឆ្លើយសារភាពថា «ដីខាងលើនេះ ខ្លួនបានកាប់រុករានកន្លងមក មានទំហំ៣០០ម៉ែត្រគុណ៥០០ម៉ែត្រ ស្មើនឹង១៥ហិកតា នៅចំណុច UTM ០៦៣៦៥៧៥ ១៥៣២៣៩៦ ក្បែរអូរឃ្លៀង ស្ថិតក្នុងភូមិសាស្ត្រ ភូមិអ៊ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង»។ តាមការឱ្យដឹងពីកម្លាំងដែលចុះប្រតិបត្តិការផ្ទាល់ បានប្រាប់ឱ្យដឹងថា ករណីខាងលើ គឺជាការចុះអនុវត្តច្បាប់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកម្លាំងសមត្ថកិច្ចចម្រុះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះក៏មានខណ្ឌរដ្ឋបាលព្រៃឈើផងដែរ និងមានសមត្ថកិច្ចគ្រប់គ្រងផ្ទាល់លើដីសម្បទានសេដ្ឋកិច្ចដែលជាដីបានចុះបញ្ជីរួចហើយ ជាកម្មសិទ្ធិរបស់រដ្ឋ និងអនុវត្តទៅតាមសារាចរណ៍ណែនាំ លេខ០៥ របស់រាជរដ្ឋាភិបាល។ សម្រួលដោយ ទៀង បុណ្ណរី













