គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមានចាត់វិធានការក្ដៅលើម្ចាស់ក្រុងហ៊ុនល្បែងផ្សងសំណាងលួចលាក់បង្កប់ល្បែងខុសច្បាប់

រាជធានីភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក. បានចេញសេចក្តីក្រើនរំឭក ក៏ដូចជាព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនណា ដែលអនុញ្ញាឱ្យភ្នាក់ងាររបស់ខ្លួនលួចបង្កប់ល្បែងខុសច្បាប់មួយចំនួននៅក្នុងទីតាំងដែលមានច្បាប់…។  គ.ល.ក.បានឱ្យដឹងនាថ្ងៃទី៦តុលា ឆ្នាំ២០២៣ថា ដោយសង្កតឃើញមានភ្នាក់ងារលក់ឆ្នោត របស់ក្រុមហ៊ុនល្បែងផ្សងសំណាង និងក្រុមជនខិលខូចមួយចំនួន បានធ្វើសកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខ ល្បែងខេនណូ (Keno) ខុសច្បាប់ និងប្រភេទល្បែងដទៃទៀតដែលមិនមានការអនុញ្ញាត ជ្រកក្រោមអាជ្ញាបណ្ណល្បែងផ្សងសំណាង។ ការប្រព្រឹត្តផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ គ.ល.ក. និងចាត់វិធានការច្បាប់ដល់ម្ចាស់ក្រុមហ៊ុនល្បែងផ្សងសំណាងណា ដែលនៅតែបណ្តែតបណ្តោយឱ្យមានករណីបែបនេះកើតឡើង ពោលគឺត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់។ ជាមួយគ្នានេះ គ.ល.ក. ក្រើនរំឭក ដល់ម្ចាស់ក្រុមហ៊ុនល្បែងផ្សងសំណាងទាំងអស់ ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខា ល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.តែប៉ុណ្ណោះ។ គ្រប់ក្រុមហ៊ុន ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. ច្បាប់ដើម នៅទីតាំងធ្វើអាជីវកម្ម។ ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតពី គ.ល.ក. តែប៉ុណ្ណោះ។ ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសង ឆ្នោតកន្ទុយលេខ ល្បែងខេនណូ (Keno) ខុសច្បាប់ និងប្រភេទល្បែងដទៃទៀតដែលមិនមានការអនុញ្ញាត។ បន្ថែមលើនេះ គ្រប់ម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវសហការផ្ដល់ព័ត៌មានជូន អ.គ.ល.ក. ពាក់ព័ន្ធនឹងភ្នាក់ងារលក់របស់ខ្លួន និងក្រុមជន ខិលខូចដែលធ្វើសកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខ ល្បែងខេនណូ (Keno) ខុសច្បាប់ និងប្រភេទល្បែងដទៃទៀតដែលមិនមានការអនុញ្ញាត៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង