ក្រពើដែលរួចចេញពីកសិដ្ឋានចំនួន៣ក្បាល ត្រូវបានអាជ្ញាធរស្រុកជីក្រែង ចាប់បានវិញអស់ហើយ
អាជ្ញាធរស្រុកជីក្រែង ខេត្ត សៀមរាប បានសហការជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ចាប់ក្រពើដែលរួចចំនួន៣ ក្បាល ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានវិញហើយ ដោយកុំមានការព្រួយបារម្មណ៍។ លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីរឿងរួចសត្វក្រពើចេញពីអាងក្រពើដែលត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ(ដីរបងព័ទ្ធជុំវិញនិងអាងក្រពើ)ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញវិញទាំងអស់ហើយ។ លោកបន្តថា ម្ចាស់អាងក្រពើដែលរួចសត្វក្រពើ ឈ្មោះ ឆៃ វីតា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ មូលហេតុនៃការរួចនេះ គឺដោយសារតែអ្នកដែលជួយចិញ្ចឹមសត្វក្រពើរបស់ឈ្មោះខាងលើ មានការធ្វេសប្រហេសបណ្ដាលឱ្យរួចសត្វក្រពើចេញពីអាងក្រពើ។ លោកបន្ថែមថា ម្ចាស់ឈ្មោះ ឆៃ វីតា បានរាយការណ៍ថា សត្វក្រពើ បានរួច៣ក្បាល ហើយគាត់ចិញ្ចឹមសត្វក្រពើអាយុ២ឆ្នាំ មានចំនួន៣០០ក្បាល និងពងក្រពើចំនួន១០០០ក្បាលសំរាប់ភ្ញាស់លក់។ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនកុំមានការព្រួយបារម្ភអំពីករណីក្រពើរួចនេះ ព្រោះសមត្ថកិច្ច និងម្ចាស់កសិដ្ឋានបានរកឃើញវិញអស់ហើយ។ លោកបន្តថា ចំពោះទីតាំងរួចនោះ មិនមែននៅជាប់មាត់ស្ទឹងជីក្រែងនោះទេ។ លោកបន្តថា ករណីនេះ អាជ្ញាធរ នឹងមានវិធានការឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងលើរៀបចំទីតាំងនេះឲ្យបានត្រឹមត្រូវឡើងវិញទៅតាមស្តង់ដារ។ សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន គឺបានឲ្យដឹងថា ករណីដែលធ្លាយរឿងរួចសត្វក្រពើនេះ គឺបណ្ដាលមកពីអ្នកជិតខាងជាប់នឹងអាងក្រពើនោះ បានបង្ហោះលើហ្វេសប៊ុក ទើបមានការចាប់អារម្មណ៍តែម្តង៕ សម្រួលដោយ ទៀង បុណ្ណរី