រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យអ្នកលេងបណ្តាញសង្គម បញ្ឈប់ការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សាលើបណ្តាញសង្គម
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមដែលរួមមាន៖ ហ្វេសប៊ុក ទិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមដទៃទៀត បញ្ឈប់សកម្មភាពចែកចាយ ឬផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្មផ្សេងៗលើបណ្តាញសង្គមតទៅទៀត ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់គ្រួសារជនរងគ្រោះ…។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តមយ៉ាងដូច្នេះថា៖«នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក ទិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗផងដែរទៀត»។ បន្ថែមលើនេះ រដ្ឋមន្ត្រីវ័យក្មេងរូបនេះ ក៏បានគូសបញ្ជាក់ផងដែរដល់អ្នកសារព័ត៌មានអាជីព ត្រូវគោរពគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន មិនត្រូវចុះផ្សាយ ឬចែកចាយនៃការបង្ហោះរូបភាពដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះនោះឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះមិនច្បាស់(ប្ល័រ) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!»។ ទោះយ៉ាងណា ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅពេលនេះ គឺបន្ទាប់ពីមានការចែករំលែកព័ត៌មានឃាតកម្ម អត្តឃាតកម្ម រូបភាពអាសអាភាស និងរូបភាពបង្ហាញពីការប្រើអំពើហិង្សា និងការរំលោភសិទ្ធិអនិតិជន លើបណ្តាញសង្គមព្រោងព្រាត ដែលវាបង្ហាញពីរូបភាពមិនល្អចំពោះប្រទេសជាតិ និងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះដោយផ្ទាល់ ជាពិសេសវាក៏បានរួមចំណែកជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើចលនាកៀរគរអ្នកទេសចរមកពីក្រៅប្រទេសក្រោយវិបត្តិជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនោះ ប្រទេសក្បែរខាងកម្ពុជាមួយ ក៏បានដាក់ចេញនូវវិធានការស្រដៀងគ្នានេះដែរ ដល់ប្រជាពលរដ្ឋកុំឱ្យមានការចែករំលែកព័ត៌មាន រូបភាពនៃអំពើហិង្សា ឬករណីឃាតកម្មផ្សេងៗ។ ជាក់ស្តែង ករណីឃាតកម្មនៅកណ្តាលរាជធានីបាងកកកាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរបិទខ្ទប់មិនឱ្យធ្លាយចេញនៃរូបភាពហិង្សាលើបណ្តាញសង្គមឡើយ…៕ សម្រួលដោយ ទៀង បុណ្ណរី