ក្រុមការងារថ្នាក់ខេត្តចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ19 នៅក្នុងក្រុងស្ទឹងត្រែង
TNM(ខេត្តស្ទឹងត្រែង) ៖ នៅរសៀលថ្ងៃទី 10 ខែមេសា ឆ្នាំ 2021 ឯកឧត្តម ម៉ុម សារឿនអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចង្អុលបង្ហាញបញ្ជាឱ្យក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារ កុំឱ្យឆ្លងរាលដាល នៃជំងឺកូវីដ19 បាញ់ថ្នាំសម្លាប់មេរោគនេះ គឺចាប់ពីចំណុចរង្វង់មូលទល់មុខការ៉ាស់ប្រេងឥន្ធនៈPTT រហូតទៅដល់មាត់ទន្លេនិងនៅផ្សារសាមគ្គីស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ។
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង មានការព្រួយបារម្ភយ៉ាងខ្លាំងអញ្ចឹងហើយ ដោយមានការណែនាំ ពីឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យដាក់នៅផែនការ នៅការងារបង្ការ នៅក្នុងនោះបានធ្វើការ អនុវត្តឲ្យចុះបាញ់ថ្នាំគ្របដណ្ដប់នៅក្នុងខេត្តទាំងមូលផងដែរ ពោលគឺជំហានដំបូងនេះ ចុះបាញ់ថ្នាំនៅតាមទីសាធារណៈ ហើយនៅតាមផ្សារសាមគ្គីខេត្តស្ទឹងត្រែង ។ ផែនការណ៍នេះជាផែនការមួយ ដែលប្រទេសចិនគេបានធ្វើការអនុវត្តន៍រួចហើយ យើងក៏បានយកផែនការអនុវត្តន៍មួយនេះ ធ្វើតាមប្រទេសចិន ចំណែកថ្នាំបាញ់នេះផងដែរ ក៏យើងយកមកពីប្រទេសចិន ទុកសម្រាប់បាញ់សំអាតមេរោគ ហើយវាក៏មានប្រសិទ្ធភាពសម្រាប់សម្លាប់មេរោគបានខ្ពស់បំផុត រីឯវិធានការរបស់យើងមានពីរ ការអប់រំ និងការអនុវត្តផ្ទាល់ចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន ជូនដល់បងប្អូនប្រជាពលរដ្ឋយើង។ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត លោកបានបញ្ជាក់ថា ផែនការអនុវត្តដោយផ្ទាល់ បាញ់ថ្នាំគឺជាផែនការមួយចាំបាច់សម្រាប់ការពារនិងទប់ស្កាត់ជំងឺកូវីដ19 នេះផងដែរ ដោយសារជំងឺកូវីដ19 មកដល់សព្វថ្ងៃនេះកំពុងរាតត្បាតយ៉ាងខ្លាំង ឥឡូវនេះ តាមទូរលេខយើងទទួលបានគឺដឹងគ្រប់ៗគ្នាគឺមានការព្រួយបារម្ភជាខ្លាំង ហើយក៏សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សុំយកចិត្តទុកដាក់ នៅវិធានការអប់រំ ការពារ នូវអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន 3 ការពារ 3 កុំ ម្យ៉ាងវិញទៀតត្រូវនាំគ្នាទៅចាក់ថ្នាំបង្ការការពារជំងឺកូវីដ19 ឲ្យបានគ្រប់ៗគ្នា ។ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ផែនការនៃយុទ្ធនាការផ្ដល់ថ្នាំបង្ការ ក៏យើងធ្វើ វិធានការអប់រំ ក៏យើងបានធ្វើបន្ទាប់មកដូចនៅថ្ងៃនេះអញ្ចឹងផែនការអនុវត្តផ្ទាល់ក្រុមការងាររបស់យើងបានចុះមកបាញ់ថ្នាំគ្រប់ដប់ក្នុងក្រុងស្ទឹងត្រែង ប៉ុន្តែជាជំហានដំបូង គឺយើងត្រូវធ្វើនៅតាមផ្លូវធំសិន ហើយនឹងផ្សារ ការចុះបាញ់ថ្នាំនេះ គឺយើងបានធ្វើការសហការជាមួយសឹករងខេត្ត ដោយមានម៉ាសុីនចំនួន5 គ្រឿង សម្រាប់បាញ់ថ្នាំសម្លាប់មេរោគកូវីដ19 ។
ជុំវិញក្នុងករណីនៃការចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីការពារឆ្លងនៃជំងឺកូវីដ19 នេះផងដែរ លោកម៉ែន គង់ ជាអ្នកនាំពាក្យរបស់សាលាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដោយសារការពិនិត្យមើល ជាក់ស្ដែងរបស់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ថ្នាក់ខេត្ត ហើយដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណៈកម្មការ លោកបានបង្ហាញ សម្រាប់ដំណាក់ការលើកដំបូងនេះគឺបាញ់ថ្នាំ នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង និងនៅទីប្រជុំជនចំកណ្ដាលបេះដូងនៃក្រុងស្ទឹងត្រែងនេះតែម្ដង ។ ដោយបន្ទាប់មកទៀត គឺពិនិត្យមើលនៅទីតាំងសំខាន់ៗមួយចំនួនទៀត ដែលយើងត្រូវ បាញ់ថ្នាំ និយាយរួម លោកអភិបាលខេត្ត បានចង្អុលបង្ហាញឱ្យពិនិត្យមើលទៅលើទីតាំងណាដែលមានអាទិភាពនៅតាមទីប្រជុំជន នៅក្នុងកិច្ចប្រជុំកាលពីលើកមុន លោកអភិបាលបានធ្វើការណែនាំ ឱ្យពិនិត្យមើលនៅទីតាំងផ្សារគ្រប់ទាំងអស់ មិនមែនមានតែផ្សារសាមគ្គីស្ទឹងត្រែងនោះទេ គឺមានផ្សារកន្លែងលក់ដូរផ្សេងៗទៀត នៅតាមទីប្រជុំជន ។ លោកបានបញ្ជាក់បន្ថែមទៀតថា ដំណាក់កាលដំបូងនេះក្រុមគ្រូពេទ្យរបស់យើងបានរើសយកទីតាំងនេះជាអាទិភាពទីមួយបន្ទាប់មកទៀតនិងរាយការណ៍សុំគោលការពីឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យមើលទីតាំងផ្សេងទៀតចំណែកថ្នាំបាញ់សម្លាប់មេរោគនោះក៏មានការកំណត់ផងដែរ តែយើងនឹងស្រគួរទុកសម្រាប់ដំណាក់កាលបន្តបន្ទាប់ដូចគ្នាដែរ ដោយឡែកយើងក៏មានថ្នាំទុកបាញ់សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀតដោយមានការសន្សំសំចៃ ដោយគិតអំពីទីតាំងនៃអាទិភាព ។ ចំណែករយៈពេលនៃការបាញ់ថ្នាំនៅថ្ងៃនេះយើងផ្ដោតតែលើទីតាំងមួយនេះសិនទេ រីឯកទីតាំងទីប្រជុំជនផ្សេងទៀតចាំមើលមានគោលការពីលោកអភិបាលខេត្តថ្មី ក្រុមការងារខេត្តក៏ដូចជាមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តនឹងចុះបាញ់ថ្នាំសម្លាប់មេរោគបន្តទៀតនៅតាមទីតាំងដែលកំណត់ រីឯថ្នាំបាញ់សម្លាប់មេរោគ យើងមិនអាចកំណត់បានទេ ដោយសារមើលតាមស្ថានភាពក្នុងដំណាក់កាលមួយទៅដំណាក់កាលមួយរួចហើយយើងអាចពិនិត្យទៅលើប្រសិទ្ធភាពនៃឥទ្ធិពលរបស់ថ្នាំនឹងផងដែរ គឺមិនអាចកំណត់រយៈពេលបានឡើយ ៕(ពុទ្ធា ស្ទឹងត្រែង)