ទឹកទន្លេមេគង្គផង ជំនន់ទឹកភ្លៀងផង ធ្វើឲ្យផ្ទះពលរដ្ឋនៅតំបន់ដាច់ស្រយាល និងសាលារៀលត្រូវលិចលង់
ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ៖ ទឹកទន្លេមេគង្គ រួមផ្សំនឹងជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាល រួមទាំងសាលាបឋមសិក្សាបល័ង្គ ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង ត្រូវទឹកឡើងមកជន់លិច បណ្ដាលឱ្យបិទទ្វារសាលាផ្អាកការសិក្សាជាច្រើនថ្ងៃមកហើយ។ ជាមួយគ្នានោះ អាជ្ញាធរក៏បានបំផុសឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗត្រូវតែប្រុងប្រយ័ត្ន កុំបណ្ដោយកូនតូចៗចុះលេងទឹក ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ ហើយតំបន់នេះក៏មានព្រំប្រទល់ ជាប់ជាមួយឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។ បើតាមអ្នកស្រី ដួង លឹមហៀង មេឃុំដំរីផុង បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះថា ក្នុងរដូវវស្សា ទឹកទន្លេមេគង្គបានហូរចូលតាមព្រែកបឹងបួរ រួមផ្សំនឹងភ្លៀងធ្លាក់ជាច្រើនមេ ជាហេតុធ្វើឲ្យព្រែកនៅភូមិបល្ល័ង្គ ត្រូវទឹកឡើងខ្លាំងហូរជន់លិចចូលភូមិដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅភូមិបល្ល័ង្គ និងភូមិមួយចំនួនទៀតផងដែរ។ ដោយក្នុងនោះ អ្នកដែលមានសត្វគោ ក្របី ត្រូវបានចល័តទៅកាន់ទីទួលសុវត្ថិភាព នៅបុសស្នាយ ដែលជាកន្លែងខ្ពស់ និងទឹកឡើងមិនដល់។ មេឃុំដំរីផុង បានប្រាប់បន្តទៀតថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលទៅរស់នៅទីទួលសុវត្ថិភាពនោះ ក្រោមការយកចិត្តទុកពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយបានលោក គួង គឹមនី អភិបាលរងខេត្ត, លោកស្រី គង់ លឹមហូរ អភិបាលស្រុកឆ្លូងព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះចែកអំណោយដោយផ្ទាល់ដៃជាបន្តបន្ទាប់ចំនួន៣លើក ជិត១០០គ្រួសារ។ សូមបញ្ជាក់ថា សាលារៀនបល័ង្គ ត្រូវបានបិទទ្វារតាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ទឹកនៅតែជន់លិចដដែល ហើយកូនសិស្សមិនអាចរៀនបានទៀតនោះទេ គឺផ្អាកការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ទឹកស្រកទៅវិញអស់ ទើបអនុញ្ញាតឲ្យចូលរៀនជាធម្មតាឡើងវិញ។ ជាក់ស្ដែងផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ចាប់ពីចំណុចមុខសាលាឃុំដំរីផុង ទៅកាន់ភូមិបល្ល័ង្គ ក៏ត្រូវទឹកឡើងមកជន់លិចហូរកាត់ផ្លូវ បណ្ដាលឱ្យខូចខាតប្រវែង៤គីឡូម៉ែត្រ ក្នុងចំណោមផ្លូវចម្ងាយ៦គីឡូម៉ែត្រជាងផងដែរ។ ហើយនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ អាជ្ញាធរនឹងរៀបចំដាក់ឱ្យដេញថ្លៃផ្លូវមួយខ្សែនៅបុសស្នាយ ជាប្រភេទផ្លូវបេតុង ដើម្បីឲ្យរឹងមាំ និងប្រើប្រាស់បានយូរអង្វែងទៅថ្ងៃខាងមុខ។ ចំណែគអ្នកស្រី ដួង លឹមហៀង មេឃុំដំរីផុង ក៏បញ្ជាក់ឱ្យដឹងដែរថា ស្របពេលដែលទឹកឡើងមកលិចភូមិដ្ឋាន និងសាលារៀនបែបនេះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរ បានសហការជាមួយមណ្ឌលសុខភាព ចុះដាក់ថ្នាំអាល់បែតតាមទឹកពាងរបស់ប្រជាពលរដ្ឋ ដើម្បីបំបាត់មុខខ្លា កុំឲ្យមានជំងឺគ្រុនឈា.ម។ រហូតមកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ ត្រូវរងគ្រោះដោយសារលង់ទឹកស្លា.ប់បា.ត់ប.ង់ជីវិ.ត ឬសត្វអសិរពិសខាំនោះទេ ហើយអាជ្ញាធរក៏បានណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅក្នុងរដូវវស្សានេះផងដែរ ខណៈពេលដែលទឹកឡើងមកលិចភូមិដ្ឋានយ៉ាងដូច្នេះ។ ប្រភពដដែលបន្តទៀតថា គ្រោះធម្មជាតិមិនអាចវា.យតម្លៃថា រហូតមកដល់ថ្ងៃភ្ជុំបិណ្ឌធំ ទឹកនឹងត្រូវស្រកវិញ ឬឡើងបន្តទៀតនោះទេ? គឺមិនទាន់កំណត់បាននៅឡើយទេ។ ចំពោះផ្លូវលំ នៅបល្ល័ង្គ ដែលរងការខូចខាត ដោយសារទឹកហូរច្រោះដាច់ តាមគោលការណ៍គឺរយៈពេល៥ឆ្នាំ និងត្រូវដល់គោលដៅវិល ហើយត្រូវធ្វើការជួសជុលកែលម្អឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានងាយស្រួល ក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី