រថយន្តក្រុង ៤៥៥គ្រឿង រង់ចាំដឹកជញ្ជូនពលរដ្ឋទៅបុណ្យភ្ជុំបិណ្ឌ ៥ថ្ងៃ ដោយមិនគិតថ្លៃ
ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ដោតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ ២. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រលប់មកភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់មេត្តារក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕ សម្រួលដោយ ទៀង បុណ្ណរី