កម្ពុជា-ថៃ ឯកភាពបិទការចរាចរណ៍ទំនិញផ្សេងៗតាមច្រកអន្តរជាតិដូង ជាបណ្តោះអាសន្ន

ខេត្តបាត់ដំបង៖ ជំនន់ទឹកភ្លៀងបានហូរកាត់អូរព្រំដែនធ្វើឱ្យជន់លិចផ្លូវឆ្លងកាត់មាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរទាំងភាគីកម្ពុជា-ថៃ បានឯកភាពគ្នា សម្រេចបិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញផ្សេងៗ ជាបណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យតែនាក់ថ្មើរជើងឆ្លងកាត់ប៉ុណ្ណោះ…។  ពាក់ព័ន្ធនឹងការបិទច្រកទ្វារព្រំដែនអន្តរជាតិដូងនេះដែរ លោក សុខ ដែន អភិបាលស្រុកកំរៀង បានឱ្យអ្នកសារព័ត៌មានដឹងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះថា ការបិទច្រកព្រំដែនមិនឱ្យឡានដឹកទំនិញចេញចូលគ្រប់ប្រភេទ ឆ្លងកាត់តាមកំណាត់ផ្លូវស្ពានផ្នែកខាងក្រោមនេះ មន្ត្រីជំនាញកម្ពុជា-ថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូង បានសម្រេចបិទតាំងពីយប់ថ្ងៃទី៤មកម៉្លេះ ដោយអនុញ្ញតឱ្យតែអ្នកថ្មើរជើងឆ្លងកាត់ប៉ុណ្ណោះ ដោយសារទឹកជំនន់បានកើនឡើងខ្ពស់។  លោកអភិបាលស្រុក បញ្ជាក់បន្ថែមថា មកដល់ពេលនេះទឹកបានស្រកប្រមាណ ២តឹកវិញ ហើយប្រសិនបើលែងមានភ្លៀងធ្លាក់បន្តទៀត ទឹកអាចនឹងស្រកកាន់តែឆាប់។ ប៉ុន្តែនៅចំពោះមុខ ថ្ងៃនេះមេឃកំពុងតែអាប់អួរកកលចង់ភ្លៀងបន្តទៀតហើយ ដូចច្នេះស្ថានភាពទឹកនៅច្រកទ្វារអន្តរជាតិដូង និងនៅតាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមើលទៅមិនទាន់ស្រកវិញភ្លាមៗទេ។ អាជ្ញាធរកំពុងព្រួយបារម្ភ ហើយបានចាត់មន្ត្រីរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងទាំងបីតាមដាន ចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយបានទាន់ពេលវេលាក្នុងករណីទឹកនៅតែបន្តឡើងខ្លាំង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង