ថៃ ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការលក់កាំភ្លើងឲ្យក្មេងប្រុស បាញ់ប្រហារក្នុងផ្សារទំនើប

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៥ខែតុលា ប៉ូលិសខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ បានចាប់ខ្លួនបុរសពីរនាក់ ខណៈម្នាក់ទៀត ត្រូវបានចាប់បានក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ពីបទលក់កាំភ្លើងទៅឲ្យក្មេងប្រុសអាយុ១៤ឆ្នាំ ដែលធ្វើសកម្មភាពបាញ់ប្រហារនៅផ្សារទំនើបមួយ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ខ្មាន់កាំភ្លើង ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារ នៅឯផ្សារទំនើប Siam Paragon។  មន្ត្រីប៉ូលិសជាន់ខ្ពស់ខេត្តយ៉ាឡា បានប្រាប់ AFP ថា “ប៉ូលិស បានឆ្មក់ចូលផ្ទះរបស់ពួកគេដើម្បីស្វែងរកព័ស្តុតាងបន្ថែមទៀត ទាក់ទងនឹងករណីនេះ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​បាងកក​ដើម្បី​សាកសួរ”។  ក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្តេជ្ញាចាត់វិធានការបង្ការ ខណៈមានសំណួរថ្មីៗអំពីសិទ្ធិគ្រប់គ្រងកាំភ្លើងនៅក្នុងប្រទេសនេះ។  លោក​បាន​ចូលរួម​ក្នុងពិធីស្មិងស្មាធិ៍រយៈពេល​មួយ​នាទី ​នៅ​ផ្សារ​ទំនើប ​មុន​ពេលថ្លែងសារ​​រំលែក​ទុក្ខ​របស់​រដ្ឋាភិបាល ​ដល់​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ។   លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលបានកាំភ្លើង រួមទាំងកាំភ្លើងដែលអាចកែច្នៃបានផងនោះ គឺជាអ្វីដែលរដ្ឋាភិបាលរបស់លោក នឹងដោះស្រាយជាមួយប៉ូលិស។  លោកសង្កត់ធ្ងន់ថា “ពួកគេអាចទិញទំនិញតាមអនឡាញបាន ដូច្នេះហើយ យើងត្រូវរឹតត្បិតបន្ថែមទៀតចំពោះលទ្ធភាព ដែលយុវជនអាចទទួលបានអាវុធគ្រោះថ្នាក់ទាំងនេះ។ យើងនឹងធ្វើការតាមរយៈដំណើរការគោលនយោបាយ ដោយការគ្រប់គ្រងកាំភ្លើង និងធ្វើឲ្យពួកគេពិបាកក្នុងការទទួលបាន”៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង