អាជ្ញាធរនឹងចាត់វិធានការច្បាប់លើអ្នកបើករថយន្តធំឆ្លងកាត់ផ្លូវលិចទឹកក្នុងភូមិក្បាលស្ពានមួយ ក្រោយដាក់ស្លាកហាមតែមិនស្តាប់

ខេត្តបន្ទាយមានជ័យ៖ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បញ្ជាក់ថាអាជ្ញាធរនឹងចាត់វិធានការច្បាប់លើម្ចាស់រថយន្តណាដែលនៅតែបន្តបើកបរលើកំណាត់ផ្លូវបេតុងមួយកន្លែងមានប្រវែង៥០០ម៉ែត្រ ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយអាជ្ញាធរបានដាក់ស្លាកហាមឃាត់រួចហើយនៅតែគឃ្លើនបើកឆ្លងកាត់ទៀត។  ប្រភពពីពលរដ្ឋរស់នៅក្នុងតំបន់នោះបានឱ្យដឹងថា ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យជំនន់ទឹកភ្លៀងកើនឡើង ហើយទឹកដក់នៅលើកំណាត់ផ្លូវចូលអង់ទែន០១៦។ ក្រោយទឹកលិចអាជ្ញាធរសង្កាត់អូរជ្រៅ ក៏បានយកស្លាកសញ្ញាដាក់ហាមឡានធំជិះចូលឆ្លងកាត់មួយរយៈ ដោយរង់ចាំទឹកស្រក ដើម្បីថែរក្សាផ្លូវកុំឱ្យរងនៅការខូចខាតធ្ងន់ធ្ងរ។ ម៉្យាងវិញទៀតដើម្បីការពារកុំឱ្យមានទឹកសាចចូលក្នុងផ្ទះពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ព្រោះពេលឡានធំៗបើកកាត់នឹងមានរលកទឹកខ្លាំងៗសាច ហូរចូលបណ្តាលខូចខាតទ្រព្យសម្បត្តិ។  ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋដូច្នេះ លោក វ៉ា ជឹមណារ៉េត បញ្ជាក់បន្ថែមថា ក្រោយទឹកភ្លៀងហូរមិនទាន់នៅចំណុចផ្លូវនេះអាជ្ញាធរព្រួយបារម្ភ ផលប៉ះពាល់ប្រជាពលរដ្ឋនៅក្បែរខាងផ្លូវ ព្រមទាំងខ្លាចខូចខាតផ្លូវផងនោះ ជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាឱ្យអាជ្ញាធរសង្កាត់ចុះដាក់ស្លាកសញ្ញាហាមរថយន្តធុនធំចូលបណ្តោះអាសន្នសិន រង់ចាំទឹកស្រកនឹងឱ្យធ្វើដំណើរវិញធម្មតា។ ប៉ុន្តែក្រោយការដាក់ស្លាកសញ្ញាហើយម្ចាស់រថយន្តមួយចំនួនហាក់ដូចជាមិនស្តាប់តាម ហើយនៅតែបន្តបើកបរឆ្លងកាត់លឿនៗ បណ្តាលទឹកហូរចូលផ្ទះប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរមានតែចាត់វិធានការច្បាប់ប្រសិនអ្នកបើកបរបន្តផ្គើន បើកឡានចូលផ្លូវនេះ បំពានស្លាកសញ្ញាទៀត ពិសេសបើធ្វើឱ្យខូចផ្លូវពេលកំពុងលិចទឹកនេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង