សាក្សីរៀបរាប់ហេតុការណ៍អំឡុងពេលបាញ់ប្រហារក្នុងផ្សារទំនើបនៅថៃ

កាលពីល្ងាចថ្ងៃអង្គារនេះ នៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ផ្ទុះហេតុការណ៍បាញ់ប្រហារមួយ ដែលបណ្ដាលឱ្យមនុស្ស ៣នាក់បានស្លាប់ និងមនុស្ស ​៤នាក់រងរបួស ខណៈមនុស្សរាប់រយបានជម្លៀសចេញពីផ្សារ។ ក្រោយហេតុការណ៍កើតឡើង ប៉ូលិសចាប់បានខ្មាន់កាំភ្លើងដែលជាក្មេងវ័យជំទង់វ័យ​១៤ឆ្នាំម្នាក់ ដែលពេលនេះកំពុងសាកសួរចម្លើយ។  ត្បិតបច្ចុប្បន្នមិនទាន់ទទួលបានចម្លើយពីខ្មាន់កាំភ្លើងទាក់ទងនឹងការបាញ់ប្រហារ ប៉ុន្តែក្រោយហេតុការណ៍សារព័ត៌មានក្នុងស្រុកទទួលបានចម្លើយខ្លះៗពីសាក្សីនៅកន្លែងកើតហេតុ។​   តាមរយៈវីដេអូដែលបង្ហោះដោយការិយាល័យស៊ើបអង្កេត មុនពេលផ្ទុះអាវុធ​ គេបានឃើញខ្មាន់កាំភ្លើងស្លៀកខោពណ៌គរគី ពាក់មួកកីឡាបាល់ទះ​ដើរចូលក្នុងផ្សារ។ មិនយូរប៉ុន្មានស្រាប់តែមានមនុស្សចលាចលរត់ចេញពីផ្សារព្រោងព្រាតជាមួយនឹងការនាំផ្លូវរបស់សន្តិសុខ។  អ្នកទេសចរចិនម្នាក់ឈ្មោះ Liu Shiying បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា នាងបានឃើញមនុស្សរត់ប្រសាច ហើយបានឮសំឡេងបាញ់ប្រហារនៅក្នុងផ្សារ។ នាង​បាន​ឮ​ស្នូរ​កាំភ្លើង និង​សំឡេង​រោទិ៍អាសន្ន ហើយ​ភ្លើង​ក្នុង​ផ្សារ​បាន​រលត់។ ពេលនោះនាងមិនហ៊ានរត់ចេញទេ ដោយព្យាយាមលាក់ខ្លួនសិន។  សាក្សី​ផ្សេងទៀតបាន​និយាយ​ថា ពេលឮសំឡេងអាវុធផ្ទុះពួក​គេ​ខ្លះបាន​នាំគ្នាទៅ​លាក់​ខ្លួន​នៅ​ក្នុង​ហាង និងខ្លះទៀតពួននៅក្នុង​បន្ទប់ទឹក។  ក្នុងហេតុការណ៍ផ្ទុះអាវុធនេះ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានចេញមុខសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាជនបាងកក និងអ្នកទេសចរផងដែរ។ លោកបានចេញបញ្ជាឱ្យប៉ូលិសស៊ើបអង្កេតឱ្យបានឆាប់ ដើម្បីធានា​សុវត្ថិភាព​សាធារណជន។ នេះបើតាមសារ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X របស់លោក៕  សម្រួលដោយ ទៀង​ បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង