អាជ្ញាធរខេត្តសៀមរាប ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធំៗលើកំណាត់ផ្លូវមួយចំនួន ដោយសារជំនន់ទឹកភ្លៀង
ខេត្តសៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសផ្អាកជាបណ្តោះអាសន្នការធ្វើដំណើររបស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវចំនួន៩ក្នុងខេត្ត ដោយសារស្ថានភាពទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំនេះ មានការកើនឡើងក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជំនន់ទឹកភ្លៀង..។ មន្ទីរសាធារណការខេត្តបានឱ្យដឹងថា ដោយសារជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។ ដូច្នេះ«ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួន»។ កំណាត់ផ្លូវទាំងនោះរួមមាន៖ ផ្លូវជាតិលេខ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ) និងផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។ មន្ទីរសាធារណការ បានបញ្ជាក់បន្ថែមថា ការផ្អាកនេះ ធ្វើឡើងចាប់ពីថ្ងៃជូនដំណឹង រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី។ ដូច្នេះសូមសាធារណជន ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់-ស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕ សម្រួលដោយ ទៀង បុណ្ណរី