ផ្អើលនៅប្រទេសថៃ ប្រជាជននាំគ្នាទិញយកក្រដាសប្រាក់១០០រៀលខ្មែរទុក ព្រោះជឿថាមានអាថ័ន
រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅប្រទេសថៃ ខណៈដែលប្រជាជនថៃមួយចំនួនធំបាននាំគ្នាមកទិញយកក្រដាសប្រាក់១០០រៀលខ្មែរ ដែលមានព្រះបរមរូប ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលទ្រង់នៅមានព្រះជន្ម និងសាងព្រះភ្នួស ថាមានអាថ័ននៅខាងក្នុងក្រដាសប្រាក់នោះ ដែលធ្វើឱ្យអ្នកមានក្រដាសប្រាក់នេះ មានសេក្តីសុខចម្រើន និងមានសុភមង្គល ឈ្នះអស់មារសត្រូវដែលមានបំណងប៉ងមកបៀតបៀន…។ យោងតាមប្រជាពលរដ្ឋខ្មែររស់នៅក្រុងប៉ោយប៉ែត និងមានអាជីវករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ បានឱ្យដឹងថា មានប្រជាពលរដ្ឋថៃជាច្រើន បានធ្វើដំណើរមកពីតាមបណ្តាខេត្តនានាមកទិញទំនិញសម្លៀកបំពាក់ជជុះនៅផ្សាររោងក្លឿ ហើយនាំគ្នាសួររកជាវក្រដាសប្រាក់១០០រៀលខ្មែរ ដោយក្នុង១សន្លឹកគេឱ្យតម្លៃ១០បាត ឬដល់៥០បាត(ប្រមាណ១៣០០៛ដល់៦៥០០៛)ក៏មាន ឱ្យតែនៅថ្មីនិងមិនមានប្រឡាក់ស្នាម ឬពណ៌ផ្សេងៗ ដើម្បីយកទៅចែកជូនបងប្អូនរបស់ពួកគេនៅឯស្រុកកំណើត។ ពួកគេមានជំនឿថា ក្នុងក្រដាសប្រាក់១០០រៀលខ្មែរនេះ មានមន្តអាថ័នពិសេសអាចជួយការពារក្រុមគ្រួសារ និងខ្លួនគេឱ្យចៀសឆ្ងាយពីរឿងអព្វមង្គលផ្សេងៗ។ ជាពិសេនោះ គឺក្នុងក្រដាសប្រាក់ខ្មែរមួយប្រភេទនេះ មានបារមីនៃព្រះបរមរូប ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរូបព្រះពុទ្ធព្រះបរមគ្រូនៃយើង ដែលក្រដាសប្រាក់មួយប្រភេទនេះ មានតម្លៃខ្លាំងណាស់លើជំនឿផ្លូវងងឹត ពោលគឺមានតម្លៃត្រង់ថា មានព្រះបរមរូប ព្រះបរមរតនកោដ្ឋ និងរូបព្រះពុទ្ធ ដែលស្ថិតនៅក្នុងក្រដាសប្រាក់នោះ។ ដោយឡែក នៅព្រឹកថ្ងៃអង្គារទី០៣ ខែតុលា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ខៀវ កញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារលើកឡើងស្រដៀងគ្នានឹងការលើកឡើងរបស់ប្រជាពលរដ្ឋខ្មែរនៅក្រុងប៉ោយប៉ែតផងដែរ ចំពោះជំនឿរបស់ពលរដ្ឋថៃមកលើក្រដាសប្រាក់១០០រៀលខ្មែរ។ ឯកឧត្តមបានបញ្ជាក់ដោយភ្ជាប់រូបក្រដាសប្រាក់មកជាមួយផង យ៉ាងដូច្នេះថា៖«ឃើញគេនិយាយរឿងលុយរៀល ក៏នឹកឃើញរឿងមួយ តែកន្លងមករវល់ពេកចេះតែភ្លេចបង្ហោះ។ អ្នកនៅថៃ គេសន្សំលុយ១០០រៀលខ្មែរនេះណាស់ ព្រោះគេថាលុយមានអាថាន់ ដោយលើរូបលុយខ្មែនេះ មានទាំងរូបសង្ឃ[រូបព្រះបរមរតនកោដ្ឋ] មានទាំងរូបព្រះពុទ្ធ»។ ចំណែក កាលពីពេលថ្មីៗនេះ តារាចម្រៀងជួរមុខរបស់ថៃ លោក តិក ឈីរ៉ូ (Tik Shiro) ក៏បានយកក្រដាសប្រាក់១០០រៀលខ្មែរចេញកាបូបរបស់លោក មកចុះហត្ថលេខាផ្តល់កាដូអនុស្សាវរីយ៍ដល់តារាកំប្លែងនាយពាក់មី ដោយបញ្ជាក់ថា ក្រដាសប្រាក់ខ្មែរ២០០រៀលនេះស័ក្តិសិទ្ធិណាស់ លោក និងប្រជាជនថៃគោរពប្រតិបត្តិជាគ្រឿងសក្ការៈខ្លាំងណាស់ ហើយការផ្ដល់ជូននោះ គឺជាសម្បត្តិមង្គលដែលលោកផ្ដល់ជូននាយពាក់មីផងដែរ។ ទោះយ៉ាងណា គេនៅចាំបានថា កាលពីអំឡុងព្រះមហាក្សត្រថៃ ភូមិប៊ុល អដុល្យតេជ Bhumibol Adulyadej សោយព្រះទិវង្គត ប្រជាពលរដ្ឋថៃមួយចំនួនធំ បាននាំគ្នាឈរតម្រង់ជួររង់ចាំទិញក្រដាសប្រាក់១០០បាត ដែលមានព្រះបរមរូបស្តេចអង្គនេះ ដើម្បីជាការរំឭកដល់ព្រះគុណូបការៈរបស់ព្រះអង្គផង និងមនុស្សមួយយល់ថា ក្រដាសប្រាក់១០០បាតនេះនឹងផ្តល់លាភសំណាងដល់ពួកគេផង។ មែនទែនទៅ ក្រដាសប្រាក់១០០បាតនេះ គឺបានបោះពុម្ពដាក់ចរាចរប្រើប្រាស់លើទីផ្សារ៥ឆ្នាំ មុនព្រះបាទ ភូមិប៊ុល អដុល្យតេជ សោយព្រះទិវង្គតទៅទៀតតែជំនឿដ៏មុនមាំរបស់ប្រជាជនថៃ គឺជឿជាក់ថា ក្រដាសប្រាក់នេះ និងអាចនាំសេចក្តីសុខចម្រើនដល់ពួកគេ នៅពេលទិញក្រដាសប្រាក់នេះមកទុកនៅនឹងខ្លួន…៕ សម្រួលដោយ ទៀង បុណ្ណរី