ប្រទេសម៉ាឡេស៊ី​ត្រៀម​បង្កើតភ្លៀងសិប្បនិម្មិត ខណៈ​ផ្សែងអ័ព្ទ​កាន់តែ​មានគ្រោះថ្នាក់

នាយកដ្ឋានបរិស្ថានម៉ាឡេស៊ី​ បានអះអាងថា ប្រទេសម៉ាឡេស៊ីនឹងព្យាយាមធ្វើឱ្យមានភ្លៀងធ្លាក់ តាមរយៈការបណ្ដុះពពក និងរៀបចំបិទសាលារៀន ខណៈដែលគុណភាពនៃខ្យល់នៅកន្លែងផ្សេងៗក្នុងប្រទេសកាន់តែគ្រោះថ្នាក់ ដោយបង្កើនការព្រួយបារម្ភនៃការបំពុលកាន់តែខ្លាំងឡើងពីភ្លើងឆេះព្រៃ…។  ស្ទើរតែរៀងរាល់រដូវប្រាំង ផ្សែងហុយចេញពីភ្នក់ភ្លើងនៅកន្លែងឈូសឆាយដីចម្ការដូងប្រេង និងចម្ការឈើក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈបង្កើតបានជាផ្សែងអព្ទអណ្តែតលើផ្ទៃមេឃពាសពេញតំបន់ ដែលនាំមកនូវហានិភ័យដល់សុខភាពសាធារណៈ និងការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍។ អគ្គនាយកនៃនាយកដ្ឋានបរិស្ថានលោក វ៉ាន់ អាប់ឌុល ឡាទីហ្វ វ៉ាន់ចាហ្វា Wan Abdul Latiff Wan Jaffar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃចន្ទ ទី២តុលាថា គុណភាពខ្យល់របស់ប្រទេសម៉ាឡេស៊ី កាន់តែយ៉ាប់យ៉ឺន ជាពិសេសនៅតំបន់ភាគខាងលិចនៃឧបទ្វីបម៉ាឡេស៊ី ជាមួយនឹងតំបន់ចំនួន១១ ដែលកត់ត្រាការអានសន្ទស្សន៍ការបំពុលបរិយាកាសមិនល្អ (API) ។  លើសពីនេះ ម៉ាឡេស៊ីបានអះអាងកាលពីសប្តាហ៍មុនថា ភ្លើងឆេះនៅក្នុងប្រទេសជិតខាងឥណ្ឌូណេស៊ីបានបង្កឱ្យមានការបំពុល ទោះបីជាឥណ្ឌូណេស៊ីបានបដិសេធជុំវិញការហុយផ្សែងពុលចេញពីព្រំដែនរបស់ខ្លួនចូលទៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ នាយកដ្ឋានបរិស្ថានរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងនៅព្រឹកថ្ងៃចន្ទផងដែរថា ទីភ្នាក់ងារឧតុនិយមក្នុងតំបន់ដែលមានសីតុណ្ហភាពក្ដៅខ្លាំង២៥០កន្លែង ដោយសារអគ្គិភ័យនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី និងកោះ Borneo។ លោក  វ៉ាន់ អាប់ឌុល ឡាទីហ្វ វ៉ាន់ចាហ្វា លើកឡើងថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតខ្យល់ជាមួយនឹងភ្លៀងសិប្បនិម្មិត ដោយការបណ្តុះពពក និងវិធានការផ្សេងទៀតដើម្បីទប់ទល់នឹងការបំពុល។ លោកបានបន្តថា សាលារៀន និងសាលាមត្តេយ្យមិនអនុញ្ញាតឱ្យមានសកម្មភាពនៅក្រៅបន្ទប់រៀនទាំងអស់នៅពេលដែល API ឈានដល់កម្រិត១០០ ហើយសាលាទាំងអស់នឹងបិទនៅពេលដែល API ឈានដល់២០០។   ទន្ទឹមនឹងនោះ ក្រុមបរិស្ថាន Greenpeace បានអំពាវនាវដល់ប្រទេសក្នុងតំបន់ឱ្យដាក់ចេញនូវច្បាប់ដើម្បីបញ្ឈប់ក្រុមហ៊ុនដាំដំណាំដែលបង្កការបំពុលបរិយាកាស។ ជាចុងក្រោយ លោក ហេង គាជុន (Heng Kiah Chun) ដែលជាអ្នកយុទ្ធសាស្ត្រយុទ្ធនាការប្រចាំតំបន់សម្រាប់ក្រុមបរិស្ថាន Greenpeace អាស៊ីអាគ្នេយ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការអនុម័តច្បាប់ផ្សែងអ័ព្ទឆ្លងដែនក្នុងស្រុកគឺចាំបាច់ណាស់ ជាពិសេសដើម្បីរារាំងផ្សែងពុលដែលភាយចេញពីឧស្សាហកម្ម»។ គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី បានអនុម័តច្បាប់បំពុលខ្យល់ឆ្លងដែននៅក្នុងឆ្នាំ២០១៤ ដែលធ្វើឱ្យប្រទេសដែលបំភាយផ្សែងអ័ព្ទពុលត្រូវទទួលខុសត្រូវទាំងព្រហ្មទណ្ឌ និងស៊ីវិល៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង