ជំងឺគ្រុនឈាមឆ្លងជាង ២ ម៉ឺនករណី ស្លាប់ជិត ៤០ នាក់ កើនឡើងជិត ៣ ដង

មន្ត្រីជាន់ខ្ពស់នៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថានៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២៣នេះមានអ្នកឆ្លងជំងឺគ្រុន​ឈាមជាង២ម៉ឺនករណីក្នុងនោះមានអ្នកស្លាប់ជិត ៤០ នាក់មានការកើនឡើងជិត៣ដងបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២កន្លងទៅ។  លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី៣តុលានេះថាចាប់ពីខែ មករារហូតដល់ខែកញ្ញាឆ្នាំ២០២៣មានករណីជំងឺគ្រុនឈាមសរុប ២១.៥៦៨ ករណី និងស្លាប់ចំនួន ៣៨ ករណីមានការកើនឡើងប្រមាណជិត ៣ ដង បើប្រៀបធៀបឆ្នាំ២០២២ ដែលមានចំនួន៧៥.៩៧​ករណីនិងស្លាប់១៤ករណីហើយរាជធានីខេត្តដែលមានការចម្លងជំងឺខ្ពស់មានដូចជាខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះនិង ខេត្តប៉ៃលិន។  លោកវេជ្ជបណ្ឌិតបានបន្តថា អត្រាឈឺសម្រាប់រយៈពេល៩ ខែ ដើមឆ្នាំនេះគឺ១៣០.៦ ក្នុងចំណោមមនុស្ស ១០០ពាន់នាក់ ហើយអត្រាស្លាប់គឺ ០,២%។   យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបានបន្តទៀតថាបន្ទាប់ពីមានការចង្អុលណែនាំពីលោកសាស្ត្រាចារ្យ ឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតចាប់ពីសប្តាហា៍ទី៣២រហូតមកដល់ពេលនេះស្ថានភាពជំងឺគ្រុនឈាមហាក់មានការថយចុះជាបន្តបន្ទាប់នៅទូទាំងប្រទេស។  ប៉ុន្តែកម្មវិធីជាតិនៅតែសំណូមពរឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារជំងឺគ្រុនឈាមព្រោះថាភ្លៀងនៅបន្តធ្លាក់នៅឡើយទេពិសេសបណ្តាខេត្តដែលទទួលរងនូវទឹកលិចដោយសារទឹកជំនន់ឬជំនន់ទឹកភ្លៀងពេលទឹកចាប់ផ្តើមស្រកទៅវិញនឹងមានដក់ទឹកក្លាយជាប្រភពបង្កជាដង្កូវទឹកមូសខ្លាអាចកើតជំងឺគ្រុនឈាម។   ទន្ទឹមនឹងនេះលោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។  ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង