សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនយុវជនម្នាក់ យកទូរសព្ទលួចថតនារីក្នុងបន្ទប់ទឹក

រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេប្រព្រឹត្តអំពើអសីលធម៌ យកទូរសព្ទដៃលួចថតនារីម្នាក់ដែលកំពុងនៅក្នុងបន្ទប់ទឹក កាលពីថ្ងៃទី២តុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។  ក្រោយទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះឈ្មោះ ល ស ល ដែលមានមុខរបរជាកម្មកររត់តុ មានទីលំនៅទីតាំងកើតហេតុខាងលើ ថាមានករណីរំលោកបំពានលើសិទ្ធិឯកជនភាពដែលផ្តើមដោយយុវជនអសីលធម៌ម្នាក់លួចយកទូរសព្ទដៃទៅថតនារីរងគ្រោះនៅក្នុងបន្ទប់ទឹក ភ្លាមៗ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបញ្ជាទៅដល់មន្ត្រីនគរបាលជំនាញ ចុះទៅត្រួតពិនិត្យទីតាំងកើតហេតុខាងលើ និងបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះភួង សុភា ភេទប្រុស មិនមានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកកាន់ការិយាល័យនគរបាលប្រឆាំងបទល្មើស ដើម្បីធ្វើការសាកសួរ។  លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងបន្តថា ក្រោយពីមន្ត្រីជំនាញសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថាបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នៃភាគីជនរងគ្រោះមែន រួមផ្សំនឹងសមត្ថកិច្ចយកវត្ថុតាងដែលមានក្នុងទូរសព្ទដៃម៉ាកVIVO ពណ៌ទឹកប៊ិច មកពិនិត្យជាក់ស្តែងនូវបទល្មើសរបស់ជនសង្ស័យជាក់ស្តែងនោះ ពេលនេះមន្ត្រីជំនាញនគរបាលខណ្ឌ បាននិងកំពុងកសាងសំណុំរឿងរួមជាមួយជនសង្ស័យ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធីច្បាប់។ បន្ថែមលើនេះ លោកអធិការនគរបាលខណ្ឌឫស្សីកែវ ក៏បានណែនាំឱ្យបងប្អូនកូនក្មួយជានារី សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលនៅម្នាក់ឯង ឬនៅទីតាំងណាមួយដែលអាចប្រឈមនឹងហានិភ័យខ្ពស់ ព្រោះជនល្មើសអាចនឹងធ្វើសកម្មភាពអាក្រក់បានគ្រប់ពេល ជាក់ស្តែងដូចករណីនេះជាឧទាហរណ៍ស្រាប់..៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង