សង្វែគណាស់..! យុវជន៣នាក់ស្លាប់អំឡុងពេលចុះជួយក្មេងប្រុសម្នាក់ធ្លាក់ទឹក ខណៈកំពុងរៀនហាត់អុំទូក

រាជធានីភ្នំពេញ៖ យុវជន៣នាក់ និងក្មេងប្រុសម្នាក់ បាននាំគ្នាហាត់អុំទូកឈើរួមគ្នានៅស្រះមួយកន្លែងសុខៗ ក៏ធ្លាក់ក្មេងម្នាក់ចូលទឹក ភ្លាមៗយុវជនបីនាក់ផ្សេងទៀតបានលោតចុះទៅជួយ តែជាអកុសលពួកគេទាំងបីបែរជាលង់ស្លាប់ខ្លួនឯង​វិញ កាលពីល្ងាចថ្ងៃទី២តុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ…។  ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជនដែលលង់ទឹកស្លាប់ទាំង៣នាក់នេះ ជាអ្នកអុំទូកងររាល់ដងពួកគេបាននាំគ្នាមកហាត់អុំទូកនៅស្រះ១នេះ ដើម្បីត្រៀមចូលរួមពិធីបុណ្យអុំទូកនៅថ្ងៃខាងមុខ ដោយជិះទូក១គ្នា២នាក់ ប៉ុន្តែលើកនេះជិះគ្នា៤នាក់។ លុះមកដល់ល្ងាចថ្ងៃកើតហេតុ ពួកគេទាំង៤នាក់ បានទៅហាត់ទូកទៀតដោយក្នុងនោះមានក្មេងតូចម្នាក់ជាអ្នករាំក្បាលទូក ចំណែកយុវជន៣នាក់ទៀត ជាអ្នកចែវទូកនាំគ្នាឡើងជិះទូកឈើ១ដែលមានទំហំតូច ដើម្បីធ្វើការហាត់សម ខណៈកំពុងរាំលើក្បាលទូក ក្មេងតូចបានប្រហែសធ្លាក់ទៅក្នុងទឹក ភ្លាមនោះ យុវជនម្នាក់បានលោតទៅជួយ ហើយយុវជន២នាក់ទៀតក៏លោតពីលើទូកម្ដងមួយៗដែរ ប៉ុន្តែក្នុងចំណោមអ្នកទាំង៣ មានម្នាក់មិនចេះហែលទឹកទេ គឺយុវជនទី១ដែលលោតទៅសង្គ្រោះក្មេងមុនគេនោះ ហើយទំនងជាលង់ខ្លួនឯងទើបយុវជន២នាក់ទៀតលោតទៅជួយដែរ និងមានការប្រទាញប្រទង់គ្នារហូតលង់ស្លាប់ទាំង៣នាក់តែម្ដង។ ចំណែកក្មេងតូចដែលធ្លាក់ទឹកមុនគេ បែរជារួចផុតជីវិតពីគ្រោះថ្នាក់មួយនេះ ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។  ប្រភពបន្តថា ក្រោយទទួលដំណឹងនេះភ្លាម មនុស្សម្នាជាច្រើនបាននាំគ្នាផ្អើល និងរាយការណ៍បន្តទៅសមត្ថកិច្ច និងខ្លះទៀតនាំគ្នាមុជទឹកស្វែងរកយុវជនរងគ្រោះទាំង៣នាក់។ បន្ទាប់ពីការស្វែងរកអស់រយៈពេលយូរ គេក៏បានរកឃើញយុវជនរងគ្រោះទាំង៣នាក់នោះ តែជាអកុសល ពួកគេបានដាច់ខ្យល់ស្លាប់បាត់អស់ទៅហើយ ដោយសភាពសពស្លាប់ឱបជាប់គ្នាទាំង៣នាក់តែម្ដង។ ក្រោយកើតហេតុសពយុវជនទាំងបី ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន…។ សូមបញ្ជាក់ថា បើតាមសម្តីចាស់ៗតែងពោលប្រដៅថា គឺបើឃើញមនុស្សលង់ទឹក សូមកុំចុះទៅជួយដោយគ្មានអ្វីការពារខ្លួន ព្រោះអ្នកដែលលង់ទឹកនោះមានអការៈភ័យណាស់ប៉ះអ្វីក៏ចាប់ដែរ ដូច្នេះ យុវជន២នាក់ដែលលោតទៅជួយពីខាងក្រោយ ទំនងជាត្រូវយុវជណទី១នោះស្រវាឱបជាប់ហើយបានជាលង់ទឹកស្លាប់ឱបជាប់គ្នាបែបនេះនោះ…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង