ភ្នាក់ងារទេសចរណ៍ខ្លោងទ្វារតាកាវអះអាងថា ខ្លោងទ្វារនេះមានចំណុចទាក់ទាញជាច្រើនឆក់យកបេះដូងភ្ញៀវទេសចរ
ខេត្តសៀមរាប៖ «តាកាវ» គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ។ ខ្លោងទ្វារតាកាវ បានបញ្ចេញសម្រស់រិតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក…។ ប្រធានភ្នាក់ងារទេសចរណ៍ ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក លៀស គឹមលេខ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយ និងការថតរូបមិនចេះណាយដោយសារតែខ្លោងទ្វារ តាកាវនេះ មានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំតំបន់ដដែល បានឱ្យដឹងបន្ថែមថា នៅទីតាំងខ្លោងទ្វារតាកាវនេះ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិចមានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។ ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូច្នេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះតែងតែជួយសម្របសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។ ទន្ទឹមនឹងនោះភ្នាក់ងារទេសចរណ៍ ក៏បានសំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ ដោយត្រូវគោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុ៕ សម្រួលដោយ ទៀង បុណ្ណរី