សម្តេចនាយករដ្ឋមន្ត្រី សម្រេចបញ្ចុះអាករនាំចេញថ្មធម្មជាតិ ដើម្បីសម្រាលបន្ទុកក្រុមហ៊ុនឯកជន និងជួយឱ្យទីផ្សារប្រកួតប្រជែង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រទី២៩កញ្ញានេះ បានសម្រេចបញ្ចុះអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់ការនាំចេញមួយចំនួន។ សម្តេចនាយករដ្ឋមន្ត្រី សម្រេចបែបនេះគឺចង់ជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរជាតិ។ បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩កញ្ញា ឆ្នាំ២០២៣ បង្ហាញថា រាជរដ្ឋាភិបាលនឹងបញ្ចុះអត្រាអាករលើការនាំចេញថ្មធម្មជាតិចំនួន៣ប្រភេទ។ ក្នុងនោះបញ្ចុះអាករនាំចេញលើថ្មធម្មជាតិមិនទាន់កែច្នៃពី៣០ភាគរយ មកនៅ១០ភាគរយ បញ្ចុះអាករនាំចេញថ្មធម្មជាតិមិនទាន់កែច្នៃទម្រង់ផ្ទាំងពី៣០ភាគរយ មកនៅ៥ភាគរយ និងចុងក្រោយបញ្ចុះអាករនាំចេញថ្មធម្មជាតិកែច្នៃពី២០ភាគរយ មកនៅ០ភាគរយ។ ការសម្រេចបញ្ចុះអាករនាំចេញខាងលើនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំ រវាងស្ថាប័នពាក់ព័ន្ធដែលរួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដោយរដ្ឋបានស្តាប់កង្វល់ និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្រប ទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិឱ្យបានកាន់តែប្រសើរឡើង។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីកម្ពុជា។ បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចបានដឹងពីកង្វល់របស់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ អំឡុងពេលដែលសម្តេចបានជួបជាមួយប្អូនស្រីម្នាក់ ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិន នៅទីក្រុងណាននីងប្រទេសចិន ដោយបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។ លើសពីនេះ វាក៏នឹងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី