មហាជន ស្នើមន្ត្រីក.ប.បអនុវត្តច្បាប់លើក្រុមអាជីវករខិលខូច ជាជាងការប្រើវិធីអប់រំដដែលៗនាំឱ្យបទល្មើសបន្តកើនឡើង

រាជធានីភ្នំពេញ៖ កម្លាំងមន្ដ្រីជំនាញសាខាក.ប.ប ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ​ បានសហការចុះត្រួតពិនិត្យការដាក់លក់ទំនិញគ្រប់ប្រភេទលើទីផ្សារ កាលពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយដកហូតតែទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួន ខណៈនៅតែគ្មានចំណាត់ការលើការអនុវត្តច្បាប់ឱ្យមានតម្លាភាព…។  ដើម្បីទប់ស្កាត់ការចរាចរទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទលើទីផ្សារ មន្ដ្រីជំនាញនៃក.ប.បបានបញ្ជាក់ថា ទំនិញហូបចុកចំនួន២០គំរូ មានដូចជាត្រីងៀត ប្រហុក សាច់ក្រក គុយទាវ-មី ពពុះសណ្តែក ត្រូវបានដកយកមកធ្វើការពិសោធន៍នៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់នានា។ ជាលទ្ធផល មន្ដ្រីជំនាញបានរកឃើញ ពពុះសណ្តែក មានលាយសារធាតុគីមីចំនួន០.៧០គីឡូក្រាម យ៉ាងណាមិញ ទំនិញហូបចុករួមមាន៖ ស្ពៃជ្រក់ មឹកកក គ្រឿងប្រឡាក់សាច់ ។ល។ បន្ថែមពីនោះ ក.ប.ប បានរកឃើញទៀតថា ទំនិញប្រើប្រាស់រួមមានស្រា ប្រេងកូឡា ថ្នាំដុសធ្មេញ ដែលសរុបចំនួន២០០គីឡូក្រាម និងបារី Gold seal និង Oris ចំនួន៤០សុង ត្រូវបានរកឃើញថាពុំមានគុណភាពសុវត្ថិភាពត្រឹមត្រូវ ហួសកាលបរិច្ឆេទប្រើប្រាស់ និងពុំមានអនុលោមភាពតាមបទដ្ឋានបច្ចេកទេសនោះទេ។  ជាការឆ្លើយតបទៅនឹងការរកឃើញខាងលើនោះ មន្ដ្រីក.ប.ប បានធ្វើការដកហូតទំនិញទាំងនោះពីទីផ្សារ និងបានអប់រំណែនាំដល់អាជីវករ ឱ្យបានយល់ដឹងអំពីច្បាប់ ដូចជាផលប៉ះពាល់សុខភាពសារធារណ ពីការប្រើប្រាស់ទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទកំណត់ ព្រមទាំងពន្យល់ពីការរៀបចំដាក់លក់ទំនិញឱ្យបានត្រឹមត្រូវ។ ដោយឡែក មន្ដ្រីសាខាក.ប.ប ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកស៊ីអ៊ីវ១កន្លែង និងបានយកនូវសំណាកគំរូចំនួន៥ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យអនុលោមភាពផងដែរ។ សូមបញ្ជាក់ថា​ មន្ត្រីក.ប.ប តែងចុះត្រួតពិនិត្យលើទំនិញគ្មានគុណភាព ហួសកាលបរិច្ឆេទ និងទប់ស្កាត់ការក្លែងបន្លំទំនិញគ្រប់ប្រភេទដែលចរាចរណ៍លើទីផ្សារ ដើម្បីការពារនូវសុខភាពអ្នកប្រើប្រាស់ ក៏ដូចជាសុវត្ថិភាពសង្គមផងដែរ។  ប៉ុន្តែយ៉ាងណា មហាជនចង់ឱ្យមន្ត្រីជំនាញអនុវត្តវិធានការច្បាប់ ច្រើនជាងការអប់រំទៅលើក្រុមអាជីវករខិលខូចទាំងនោះ ព្រោះសុខភាពសាធារណៈប្រឈមនឹងគ្រោះថ្នាក់ព្រោះតែការលក់ដូរគ្មានភាពស្មោះត្រង់ជាមួយអតិថិជន។ ប្រជាពលរដ្ឋលើកឡើងថា ក្រុមអាជីវករខិលខូចទាំងនោះតែងលួចលាក់បង្កប់ទំនិញខូចគុណភាពលក់ឱ្យអតិថិជនក្នុងន័យបោកប្រាស់ ពុំមែនជាអចេតនាទេ ព្រោះពួកគេជាអ្នកលក់ គឺដឹងច្បាស់ណាស់ពីផលិតផលរបស់ខ្លួន ហើយបើមន្ត្រីមួយចំនួននូវតែប្រើយន្តការអប់រំបន្តទៀត គឺពលរដ្ឋនៅតែរងគ្រោះ ព្រោះក្រុមអាជីវករនៅតែបន្តប្រព្រឹត្តិសកម្មភាពទុច្ចរិតរបស់ខ្លួន ដ្បិតមិនមានទោសសម្រាប់ពីពួកគេ និងមានការលើកឡើងខ្លះថា ក្រុមអាជីវករខិលខូចមួយចំនួននោះបានប្រើល្បិចស្នៀតគុបគិតជាមួយមន្ត្រី ក.ប.ប មួយចំនួនដែលមានចរិតពុករលួយស៊ីសំណូកសូកប៉ាន់ ដើម្បីកុំឱ្យអនុវត្តច្បាប់ថែមទៀតផង…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង