ចងគោក្នុងក្រោលក្បែរមាត់ស្ទឹង ពេលទឹកជន់ឡើងខ្លាំងពេលយប់លិចគោងា.ប់
ខេត្តបាត់ដំបង ៖ សត្វគោយ៉ាងតិចចំនួន០៣ក្បាលក្នុងចំណោម៣៣ក្បាល បានលង់ទឹកងាប់នៅពេលម្ចាស់ចងនៅក្នុងក្រោលក្បែរមាត់ស្ទឹង ហើយមិនបានដឹងថា មានជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងរហូតលិចក្រោលគោ នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ កញ្ញា នៅចំណុចអន្លង់ក្របី ស្ថិតក្នុងភូមិបុសដូង ឃុំបាសាក់ ស្រុករុក្ខគិរី ។ សមត្ថកិច្ចបានឲ្យដឹងថា ជា ហាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត តែគាត់បានទៅស្នាក់នៅធ្វើចំការ ចិញ្ចឹមសត្វគោចំនួន៣៣ក្បាល នៅចំណុចកើតហេតុ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ បើតាមសមត្ថកិច្ចបានប្រាប់ថា ម្ចាស់គោបានធ្វើក្រោលនៅលើដីទំនាប ក្បែរមាត់ស្ទឹង ហើយគាត់ធ្វើរោងចំការនៅផ្នែកខាងលើបន្តិច។ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ថា អាចនឹងមានជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងធ្ងន់ធ្ងរ រហូតលិចក្រោលគោទេ ទើបគាត់មិនបានផ្លាស់ប្ដូរទីតាំងចងគោ បើទោះជាមានភ្លៀងធ្លាក់ជោកជាំប៉ុន្មានថ្ងៃកន្លងមកនេះក្ដី ។ លុះព្រឹកឡើង ស្រាប់តែក្រោលគោគាត់ត្រូវទឹកជន់លិចអស់ទាំងគោទាំងរោងគោ។ ម្ចាស់គោបានប្រាប់សមត្ថកិច្ចថា ពេលព្រឹកឡើងគាត់ឃើញទឹកហក់ឡើងខ្លាំងលិចរោងគោ និងសត្វគោមួយចំនួន ។ ពេលនោះ គាត់បានដឹកគោឡើងគោក ស្រាប់តែឃើញគោគាត់ចំនួន០៣នាក់ បានលង់ងាប់បាត់ទៅហើយ ដោយសារជាប់ចំណងរើមិនរួច ។ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះ បើតាមមន្ត្រីរដ្ឋបាលស្រុករុក្ខគិរី បានផ្ដល់ដំណឹងបឋមនៅព្រឹកថ្ងៃទី២៨ កញ្ញា នេះដែរ បានឲ្យដឹងថា កំពស់ទឹកនៅប៉ែកខាងលើនៃទំនប់បាសាក់ ដែលជាទំនប់ស្ទាក់ទឹកដ៏ធំក៏កំពុងហក់ឡើងខ្លាំង គួរឲ្យព្រួយបារម្ភដែរ បើយោងលើការពិនិត្យជាក់ស្ដែង នៅព្រឹកថ្ងៃដដែលនេះ ។ ជាមួយនឹងស្ថានភាពទឹកបែបនេះ អាជ្ញាធរ និងមន្ត្រីនាញ បានបើកទ្វារទឹក នៃសំណង់នេះ ដើម្បីរំដោះទឹកហូរចុះទៅប៉ែកខាងក្រោមជាបណ្ដើរៗហើយ ការពារក្រែងជំនន់ទឹកភ្លៀងនេះស្ទុះឡើងខ្លាំង ដែលអាចធ្វើឲ្យមហន្តរាយដល់សំណង់ទ្វារទឹកដ៏ធំមួយនេះ។ ដោយឡែក នៅតាមបណ្ដាស្រុកនានា ដែលនៅជាប់ដងស្ទឹងសង្កែ អាជ្ញាធរដែនដី ក៏បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្នផងដែរ។ ដូចជាស្រុករតនៈមណ្ឌល ស្រុកបាណន់ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ ជាដើមដោយសារតែសន្ទុះទឹក នៅប៉ែកខាងលើនៃដងស្ទឹងសង្កែ ពិសេស នៅស្រុកសំឡូត បាននិងកំពុងហក់ឡើងខ្លាំងនៅពេលនេះ ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមតំបន់ «អាងកំពីងពួយ» ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់វិញ ក៏ត្រូវអាជ្ញាធរស្រុកនេះ ប្រកាសជូនដំណឹងឲ្យមានការប្រយ័ត្នខ្ពស់ផងដែរ ដោយសារតែសន្ទុះទឹកភ្លៀង នៅប៉ែកខាងលើៗ នៃអាងកំពីងពួយ កំពុងហក់ឡើងខ្លាំង ធ្វើឲ្យមន្ត្រីជំនាញសម្រេចបើកទ្វារបង្ហូរទឹកចេញពីក្នុងអាង ដើម្បីការពារកើតមានគ្រោះមហន្តរាយ ដូចកាលពីឆ្នាំ២០១៣ (បាក់ទំនប់អាង) កន្លងទៅ ។ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៨ កញ្ញា នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ឡើងដល់កំពស់១២,២៥ម៉ែត្រហើយ ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការជូនដំណឹងឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈ ដើម្បីជម្លៀសចេញពីទឹកជំនន់ ចៀសវាងក្រែងមានគ្រោះដោយយថាហេតុណាមួយ ៕ សម្រួលដោយ ទៀង បុណ្ណរី