សូមប្រុងប្រយ័ត្ន..! ស្ទឹងពោធិ៍សាត់កម្ពស់ទឹកហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយ
ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ភាគខាងលើនៃដងស្ទឹង…។ ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានគូសបញ្ជាក់ថា៖« បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់»។ ជាក់ស្តែងស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។ ដូច្នេះ ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្ត មន្ទីរធនធានទឹក និងឧតុនិយម ស្នើអាជ្ញាធរក្រុង-ស្រុក-ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងស្ទឹងពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ទន្ទឹមនឹងការប្រកាសអាសន្នរបស់ក្រសួងធនធានទឹក និងឧតុនិយមខេត្ត នៅព្រឹកថ្ងៃទី២៩នេះ អាជ្ញាធរស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ យកដីទប់តាមមាត់ស្ទឹងដែលទឹកកំពុងហូរច្រោះមកលើផ្លូវ និងបានអំពាវនាវដល់ពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនាពេលនេះ៕ សម្រួលដោយ ទៀង បុណ្ណរី