ផ្ទះពលរដ្ឋជាង៥០ខ្នងនៅស្រុកវាលវែង រងការខូចខាតដោយសារជំនន់ទឹកភ្លៀង

ខេត្តពោធិ៍សាត់៖ ស្រុកវាលវែង​​ ខេត្តពោធិ៍សាត់បានទទួលរងពីការភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឱ្យកើតមានជាជំនន់ទឹកភ្លៀងយ៉ាងគំហុក ចាប់តាំងពីយប់ថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៥៣ខ្នង និងស្រែចម្ការជិត២ពាន់ហិកតា រងផលប៉ះពាល់ពីការជន់លិចដោយជំនន់ទឹកភ្លៀង…។  ប្រភពពីរដ្ឋបាលស្រុកវាលវែងបានឱ្យដឹងជាបឋមថា ក្នុងឃុំប្រម៉ោយ មានភូមិចំនួន៧បានរងផលប៉ះពាល់ដោយសារទឹកជំនន់ជនលិច និងខូចខាតផ្ទះចំនួន៥៣ខ្នង ព្រមទាំងខូចខាតផលដំណាំ ស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រមួយចំនួនរួមមាន៖ ស្រូវ ដំឡូងមី ពោត ក្រូចពោធិ៍សាត់ ចេក ទុរេន ល្ហុង តាង៉ែន សរុបជិត២ពាន់ហិកតា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្នុងករណីជន់លិចនេះ មិនបណ្តាលឱ្យប៉ះពាល់ដលអាយុជីវិតពលរដ្ឋនោះទេ តែបណ្តាលឱ្យងាប់សត្វគោអស់មួយចំនួន ខូចខាតផ្ទាំងសូឡាតម្លៃ៣០០០ដុល្លារ១ឈុត និងដាច់ផ្លូវមួយចំនួនបង្កឱ្យប្រជាពលរដ្ឋជួបនូវបញ្ហាខ្វះខាតស្បៀងចំនួន២៦៣គ្រួសារ។  គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្ដាខេត្តដែលស្ថិតនៅតំបន់ទំនាបកណ្ដាល ខ្ពង់រាបខាងជើង ខ្ពង់រាបឦសាន ជាពិសេសតំបន់ជាប់មាត់សមុទ្ទ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយនឹងផ្គររន្ទះ រួមទាំងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយសាររកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបសកម្មមួយ ចេញពីសមុទ្រចិនខាងត្បូង ជាមួយនឹងឥទ្ធិពលពីជ្រលងសម្ពាធទាបខាងជើង រាលដាលមកដល់កម្ពុជា៕   សម្រួលដោយ  ទៀង  បុណ្ណរិ

អត្ថបទដែលជាប់ទាក់ទង