សពមន្ត្រីនគរបាលមួយរូប និងសពស្ត្រីម្នាក់សល់តែគ្រោងឆ្អឹងត្រូវបានគេប្រទះឃើញក្នុងចម្ការដូង
គ្រោងឆ្អឹងសពមនុស្សចំនួនពីរដែលគេស្គាល់ថាជាមន្ត្រីនគរបាលម្នាក់ និងស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងចម្ការដូងមួយកន្លែងរួមទាំងអាវុធខ្លីមួយដើម និងគ្រាប់មួយចំនួន ដែលគេសង្ស័យថា អាចជាករណីអត្តឃាត។ ការប្រទះឃើញគ្រោងឆ្អឹងសពមនុស្សនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង ឈិន ស្ថិតក្នុងភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ បើតាមសមត្ថកិច្ច ជនរងគ្រោះមាន២នាក់ មានឈ្មោះ ទី១ ឈ្មោះ ឆើត ឆវិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ឈឿង មួយឡេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមonline ទីលំនៅភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញអាវុធខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់ក្នុងប្រអប់មាន៣៣គ្រាប់ បង់ចំនួន១ មាន០៧គ្រាប់។ តាមការបំភ្លឺរបស់ឈ្មោះ ឈឿង ធាវី ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះ ឈឿង មួយឡេង បានបំភ្លឺថា ប្អូនរបស់ខ្លួនមានមុខរបរលក់ខោអាវ អនឡាញ និងមានទំនាក់ទំនងស្នេហាជាមួយឈ្មោះ ឆើត ឆវិន មានតួនាទីជាមន្ត្រីនគរបាលយូឆ្នាំមកហើយ។ លុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះជាប្អូនស្រីបានឆាតតាម Messenger ប្រាប់ថា «ជួយមើលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ»។ ពេលខ្លួនបានសួរថា មានរឿងអ្វី តែជនរងគ្រោះមិនប្រាប់ ហើយក៏បិតទូរសព្ទបាត់ទៅ។ បងស្រីជនរងគ្រោះបន្ថែមថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងទំពុន២។ ប្រភពបន្តថា លុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥០នាទីព្រឹក ប្អូនស្រីម្នាក់ដែលរាប់អានគ្នាមានអាខោនហ្វេសបុក ឈ្មោះ pich pich បានឆាតប្រាប់ខ្លួនមានគេប្រទះឃើញ សាកសពមនុស្សពីរនាក់នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ឮដូច្នេះ ក៏បានបបួលបងប្អូនមកមើលទើបដឹងថា ជាប្អូនរបស់ខ្លួនពិតប្រាកដមែន។ បើតាមរបាយការណ៍ពិនិត្យកោសល្យវិច័យលើសាកសពខាងបុរស ឃើញមានស្នាមគ្រាប់កាំភ្លើងលើក្បាលផ្នែកខាងស្តាំ ខាងលើសៀតផ្កា ពីសៀតផ្កាដល់ស្នាមរបួសប្រវែង3 cm របួសរៀងមូលទំហំ 0,៧៥ cm រីឯសាកសពស្ត្រី មានស្នាមត្រូវគ្រាប់លើក្បាលផ្នែកខាងស្តាំខាងក្រោយត្រចៀកស្តាំ។ ក្រោយពិនិត្យសាកសព បាន ប្រគល់ ជូន ក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕ សម្រួលដោយ ទៀង បុណ្ណរី