ក្រុងប៉ោយប៉ែត ត្រូវជនលិចដោយជំនន់ទឹកភ្លៀងកាលពីយប់មិញ

ភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រមាណជាបីម៉ោង បណ្ដាលឲ្យជនលិចទីរួមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមិនអាចចរាចរណ៍យានយន្តធុនតូច និងម៉ូតូព្រមទាំងជនលិចចូលដល់ក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ ដល់គ្រែដេក។  គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ វេលាម៉ោង៩យប់ រហូតដល់ម៉ោង១រំលងអាធ្រាតចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ជាប់ៗគ្នា ដោយពុំមានខ្យល់ តែភ្លៀងបានធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជនលិចផ្លូវថ្នល់ ផ្លូវបេតុង ផ្លូវកៅស៊ូ ដែលជាកំណត់ផ្លូវជាតិលេខ៥ កាត់ក្រុងប៉ោយប៉ែត បណ្ដាលឲ្យជនលិច និងចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវ អណ្ដែតចានឆ្នាំង និងសម្ភារៈផ្ទះផ្សេងៗ និងលិចទៅដល់គ្រែដេករបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងទីប្រជុំជន នៃក្រុងប៉ោយប៉ែត ក្នុងសង្កាត់អូជ្រៅ និងសង្កាត់ប៉ោយប៉ែត ។  ហេតុការណ៍ភ្លៀងធ្លាក់ដ៏ខ្លាំងនេះ បណ្ដាលឲ្យជនលិចតាំងពីយប់រហូតដល់ព្រឹកថ្ងៃទី២៧ ក៏នៅមិនទាន់ស្រកនៅឡើយទេ ហើយធ្វើឲ្យការចរាចរណ៍របស់ប្រជាពលរដ្ឋតាមមធ្យោបាយម៉ូតូប និងរថយន្តតូចៗ មិនអាចចរាចរបានទេ ដោយសារទឹកលិចខ្លះត្រឹមជង្គង់ ខ្លះត្រឹមចង្កេះ ដែលធ្វើឲ្យអាក់ខាននៃការធ្វើចរាចរណ៍ ។  ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ក្រុងប៉ោយប៉ែត រងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀងជនលិច ដោយសារតែចំនួនទឹកភ្លៀងបានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឲ្យផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែត ជាពិសេសផ្លូវនាគទិព្វ ដែលបំបែកពីផ្លូវជាលេខ៥ ត្រង់ចំណុចសណ្ឋាគារ ស៊ីធី ធ្វើឲ្យផ្លូវមួយនេះ បានជនលិចទៅជារ៉ាំរ៉ៃ ទៅហើយ ហើយចំណុចជនលិចខ្លាំង គឺនៅចំណុចមុខសាលារៀនទេពនិម្មិតហើយចំណុចនេះផងដែរ គឺក្នុងរយៈពេលប្រមាណជា១ខែចុងក្រោយនេះ ទឹកមិនដែលដាច់សោះ ពោលគឺមានជាប្រចាំ ដែលហូរចេញពីលូ និងមានក្លិនស្អុយ ហើយបើមានភ្លៀងត្រឹមតែ១ម៉ោងឬ ២ម៉ោង គឺប្រាកដជាទឹកហូរពីផ្លូវចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលពួកគាត់តែងតែពិបាកក្នុងការទប់ស្កាត់ និងការរស់នៅភ័យព្រួយនឹងការឆក់ចរន្តអគ្គិសនី ។ ជុំវិញបញ្ហាទឹកលិចក្រុងប៉ោយប៉ែតនេះផងដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កន្លងមកដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ក៏ដូចជាក្រុង តែងតែធ្វើការស្ដារ និងកាយប្រឡាយបញ្ជៀសទឹកជំនន់ ឲ្យហូរចេញពីក្រុងប៉ោយប៉ែត តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់អាចរំដោះទឹកបានភ្លាមៗនោះទេ។ លោកក៏បានបញ្ជាក់ថា បន្តិចទៀតក្រុងប៉ោយប៉ែត នឹងលែងលិចទៀតហើយ នៅពេលដែលដំណើរការធ្វើប្រព័ន្ធលូធំៗ ដែលជាគម្រោងកំពុងដំណើរការ ពេលធ្វើរួចក្រុងប៉ោយប៉ែតនឹងជៀសផុតពីការលិចលង់ហើយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង