សម្ដេច ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដើរស្របនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ពិភពលោក

សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត លើកឡើងថា គោលដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក និងការអំពាវនាវរបស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ ស​ម្ដេចធិបតី លើកឡើងបែបនេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូយ៉ក។  បើតាមសុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ខណៈកម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​ចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព នៅត្រឹមឆ្នាំ២០៥០។ សម្ដេចធិបតី បានថ្លែងថា ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិចំពោះរដ្ឋ​សមាជិក​ដើម្បី​អនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានប្ដេជ្ញា​ចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលសម្ដេចទើបបាន​ប្រ​កាស​​ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។  សម្ដេចធិបតី បានថ្លែងឱ្យដឹងថា កម្ពុជា កំពុងផ្លាស់​ប្ដូរពីឋានៈ​ជា​ប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍ នាពេលខាងមុខ គឺដោយសារតែ​គោល​នយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវ​សុខសន្ដិ​ភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជា សហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។  ក្នុងវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនូវការចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹង​បដិ​វត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី ក៏ បានជម្រាបអង្គមហាសន្និបាតនូវគោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ ថា ម្យ៉ាង រក្សាចលនការនៃសុខ​សន្ដិ​ភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូល​ដ្ឋានគ្រឹះ​សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈការកសាងភាពធន់ក្នុងវិស័យទាំង៥​ រួម​មាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  សម្ដេចធិបតី បន្តថា កម្ពុជា នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរការ​ដោយ​ប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់ ព្រមទាំងនឹងការពារឱ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្ដេចធិបតី ក៏បានបញ្ជាក់នូវការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍​ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយ​ឱ្យ​កម្ពុជា​សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហ​រណកម្ម​នៅ​ក្នុងតំបន់ និងពិភពលោក៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង