ក្លើ២នាក់បបួលគ្នាទៅងូតទឹកទន្លេបាត់ខ្លួនពីរថ្ងៃ ទើបឃើញសពអណ្តែត
ខេត្តព្រៃវែង៖ យុវជនពីរនាក់ជាសម្លាញ់នឹងគ្នា បានបបួលគ្នាទៅងូតទឹកទន្លេ១កន្លែង ស្ថិតនៅចំណុចស្ពានថ្មក្នុងភូមិព្រែកចង្រ្កានលើ ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានបាត់ខ្លួនទាំងពីរនាក់ ធ្វើឱ្យបងប្អូនសាច់ញាតិភ័យស្លន់ស្លោដើររក ប៉ុន្តែ២ថ្ងៃក្រោយមកទើបឃើញសពបានអណ្តែតទឹកហើមរលួយបាត់ទៅហើយ…។ តាមប្រភពពីបងប្អូនសាច់ញាតិសពបានឱ្យដឹងថា យុវជនទាំងពីរនាក់នេះស្រឡាញ់រាប់អានគ្នាណាស់ និងតែងបបួលគ្នាទៅងូតទឹកទន្លេដូចសព្វមួយដង ប៉ុន្តែបែរជាអកុសលមកស្លាប់ជាមួយគ្នាបែបនេះទៅវិញ។ យុវជនទី១.ឈ្មោះ ប៉ូច សុខាអាយុ២៤ឆ្នាំ មានមុខរបរជាជាងកាត់សក់ និយុវជនទី២.ឈ្មោះឈ្មោះ វ៉ា សុភក្តិ អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដត្រូវបានប្រទះឃើញសពអណ្តែតទឹកហើមរលួយមានក្លិនអាសោចទៅហើយ បានអណ្តែតមកក្បែរច្រាំងទន្លេ ភ្លាមៗគ្រួសារសាច់ញាតិបានទៅហៅសមត្ថកិច្ចឱ្យមកពិនិត្យមើលសពដើម្បីធ្វើកោសល្យវិច័យ និងបានលើកសពចេញពីទឹកមកលើគោកដើម្បីត្រួតពិនិត្យ។ ឪពុកម្តាយជនរងគ្រោះបានបង្ហើបឱ្យដឹងថា យុវជនម្នាក់ឧស្សាហ៍មានអការៈរបួលសាច់ដុំ(រមួលក្រពើ) ព្រោះតែរូបគេចូលចិត្តលេងបាល់ទះ ឯយុវជនម្នាក់ទៀតជាមិត្តភក្តិ ក៏មានសុខភាពខ្សោយខ្លាំងដែរ។ គ្រួសារជនរងគ្រោះម្នាក់ បានរៀបរាប់បន្តថា កូនរបស់គាត់បាត់ខ្លួននៅវេលាម៉ោង៤ល្ងាចថ្ងៃទី២០ ខែកញ្ញាមកម៉្លេះ ភ្លាមៗពួកគាត់ និងបងប្អូនឯទៀតនាំគ្នាដើររកគ្រប់ច្រកល្ហក ប៉ុន្តែមិនជឿថាពួកគេទាំងពីរលង់ទឹកទេ ព្រោះចេះហែលនិងធ្លាប់ទៅងូតទឹកនៅទីតាំងខាងលើរហូតមកហើយ ដោយនាំគ្នាគិតថា ពួកគេទាំងពីរអាចនឹងមានរឿងអ្វីមួយកើតឡើងមិនខាន ក៏បាននាំគ្នាទៅប្តឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដូចជា កម្លាំងប្រជាការពារ កម្លាំងប៉ុស្តិ៍នគរបាល់ឃុំ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ឱ្យជួយតាមរកផងដែរ តែនៅតែរកមិនឃើញ។ លុះមកដល់វេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញានេះ សមត្ថកិច្ចបានរកឃើញសាកសពម្នាក់ ស្ថិតក្នុងស្ថានភាពហើមអណ្ដែតទឹក និងជះក្លិនអាសោចខ្លាំងទៅហើយ និងនៅពេលរសៀលម៉ោង១៤ៈ៥០នាទីថ្ងៃដដែលនេះ ក៏ឃើញសពយុវជនម្នាក់ទៀតអណ្តែតឡើងមកដែរ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសពរួច ឃើញថា យុវជនទាំងពីរពិតជាស្លាប់ដោយលង់ទឹកមែន អាជ្ញាធរបានប្រគល់សពឱ្យទៅបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី…៕ សម្រួលដោយ ទៀង បុណ្ណរី