ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើ ត្រូវបានរន្ទះបាញ់ហើយបង្កទៅជាអគ្គិភ័យឆេះអស់ទាំងស្រុង
ក្រុងព្រះសីហនុ ៖ ពិតជានឹកស្មានមិនមកដល់មែន ករណីផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើ ត្រូវបានរន្ទះបាញ់ហើយបង្កទៅជាអគ្គិភ័យឆេះអស់ទាំងស្រុង កើតឡើងកាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ប្រភពបាននិយាយថា ចាត់ទុកថាល្អមួយដែលពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។ អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា ផ្ទះដែលបានឆាបឆេះខាងលើ ម្ចាស់ឈ្មោះ សឹម ផាន់ណូ មានប្រពន្ធឈ្មោះ សំ ផល្លី អាយុ៤១ឆ្នាំ ហើយពេលរន្ទះបាញ់បង្កជាអគ្គិភ័យនោះ គឺពួកគាត់មិនបាននៅផ្ទះទេ កុំអីនោះមិនដឹងគ្រោះថ្នាក់យ៉ាងណានោះទេ ។ ប្រភពដដែលបន្តថា ទ្រព្យសម្បត្តិដែលឆេះខូចខាតរួមមាន ប្លាទីន៥ជី, លុយខ្មែរ៤០០០០០(បួនសែន)រៀល, ប្លង់ដីមួយចំនួន និងកុំព្យូទ័រមួយគ្រឿង ។ បើតាមការចុះស្រាវជ្រាវពីកន្លែងកើតហេតុ អាជ្ញាធរបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋខាងលើ គឺពិតជាបណ្តាលមកពីរន្ទះបាញ់ពិតប្រាដកមែន ។ សម្រួលដោយ ទៀង បុណ្ណរី