ផ្លូវដែក ឡាវ-ចិន ទិញរថភ្លើងថ្មីបន្ថែមដើម្បីបំពេញតម្រូវការធ្វើដំណើរ

ក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបានទិញរថភ្លើងអគ្គិសនី (EMU) ថ្មីបន្ថែមទៀតដើម្បីយកមកផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ។ នាយករងក្រុមហ៊ុន Laos-China Railway Co., Ltd លោក Anongdeth Phetkayson បាននិយាយថា ការបន្ថែមរថភ្លើងថ្មីនេះគឺដើម្បីបង្កើនការធ្វើដំណើររបស់អ្នកដំណើរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងការរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវ និងការមកទស្សនាប្រទេសឡាវឆ្នាំ ២០២៤ ។  បច្ចុប្បន្ន ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដំណើរការរថភ្លើងដឹកអ្នកដំណើរសរុបចំនួន ៥ គ្រឿងក្នុងមួយថ្ងៃ ដែលក្នុងនោះ មាន ៤ គ្រឿងជារថភ្លើងអគ្គិសនី (EMU) និងមួយទៀតជារថភ្លើងធម្មតា ។   យោងតាមវិទ្យុ China International នៅទីក្រុងវៀងចន្ទន៍បានផ្សាយថា សេវាកម្មផ្លូវដែកឡាវ-ចិនបានដឹកអ្នកដំណើរជាង ៣.១ លាននាក់ ចាប់តាំងពីការបើកដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ ដែលជាមធ្យមមានអ្នកដំណើរចំនួន ៤,៨៨៩ នាក់ជារៀងរាល់ថ្ងៃ និងកត់ត្រាចំនួនអ្នកដំណើរខ្ពស់បំផុតចំនួន ១០,១៩៧ នាក់ក្នុងមួយថ្ងៃ ។  គិតត្រឹមពេលនេះ មានអ្នកដំណើរជាង ១.៧៥ លាននាក់បានធ្វើដំណើរលើផ្លូវដែកឡាវ-ចិន ហើយចាប់តាំងពីការចាប់ផ្តើមដំណើរការរថភ្លើងឆ្លងកាត់ព្រំដែននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៣ មកមានអ្នកដំណើរសរុប ៦១,៦៩៨ នាក់ដោយជាមធ្យមមានមនុស្សចំនួន ២០១ នាក់ធ្វើដំណើរទៅក្រៅប្រទេស និង ១៩០ នាក់ធ្វើដំណើរមកកាន់ប្រទេសឡាវក្នុងមួយថ្ងៃ ។  ក្រៅពីដឹកអ្នកដំណើរ​ ផ្លូវដែកឡាវក៏បានដឹកទំនិញជាង​ ៥.៣៨ លានតោន ជាមួយនឹងចំនួនអតិបរមាប្រចាំថ្ងៃគឺ ១៥,២៥០ តោន ហើយបន្ថែមពីទំនិញក្នុងស្រុក ផ្លូវដែកនេះក៏បានស៊ីឈ្នួលដឹកទំនិញពីប្រទេសផ្សេងទៅកាន់ប្រទេសចិនផងដែរ ៕  សម្រួលដោយ  ទៀង​  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង