ក្រោយចិនប្រកាសនាំចូលដូងក្រអូប ឧកញ៉ា​ ម៉ុង ឫទ្ធី ថា ព័ត៌មាននេះ លោកទន្ទឹងរង់ចាំជាយូរមកហើយ

បន្ទាប់​ពី​ចិត្ត​ចិន​បាន​ប្រកាស​ពី​ការ​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន ឧកញ៉ា​ ម៉ុង ឫទ្ធី ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ម៉ុង​ឫទ្ធី​គ្រុប ដែល​ជា​ក្រុម​ហ៊ុន​កសិ-ឧស្សាហកម្ម​នៅ​កម្ពុជា​ បាន​បង្ហាញ​ថា​ ព័ត៌មាន​នៃការអនុញ្ញតនាំចេញដូងក្រអូបទៅកាន់ទីផ្សារក្រៅប្រទេសនេះ​ លោកបានទន្ទឹងរង់ចាំមកជាយូរណាស់មកហើយ ព្រោះលោកបានរួមចំណែកដាំដូងក្រអូប​រហូត​ដល់ ១៥៥​ហិតា ដោយ​មិន​មាន​ប្រើប្រាស់​ជី​គីមី។  តាម​រយៈ​ហ្វេស​ប៊ុក​ផ្លូវ​ការ ឧកញ៉ា ម៉ុង ឫទ្ធី បាន​លើក​ឡើង​ថា «នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២០ ខែកញ្ញា ​ឆ្នាំ​២០២៣ នេះ​ ពេល​កំពុង​តែ​បើក​មើល​ហ្វេសប៊ុក​ស្រាប់​បាន​ឃើញ​ ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​រូប​ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​ណាស់​មក​ហើយ​នោះ​គឺ​ ប្រទេស​ចិន​បាន​អនុញ្ញាត​អោយ​ព្រះរាជាណាចក្រ​យើង​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ ដែល​សម​ស្រប​នឹង​លក្ខខណ្ឌ​ពាក់ព័ន្ធ​ ទៅកាន់​ទីផ្សារ​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ​តទៅ​»។  លោក​បាន​បន្ត​ថា បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​ប្រឈម​មុខ​ និង​វិបត្តិ​កូវិត១៩ ក៏​ដោយ​ក្តី ប៉ុន្តែ​សម្រាប់​រយៈ​ពេល ៣​ឆ្នាំ​កន្លង​មក លោក​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ដាំ​ដំណាំ​ដូង​ក្រអូប​តាម​ធម្មជាតិ ដើម្បី​អាច​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ទី​ផ្សារ​កម្ពុជា​។  លោក​បាន​គូស​បញ្ជាក់​ថា «​ដំណាំ​ដូង​ក្រអូប​ដែល​ខ្ញុំ​បាន​ដាំ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​កន្លង​មក​នេះ មាន​​ផ្ទៃដីដាំដុះ​សរុប ១៥៥​ ហិតា​ ហើយ​ស្មើ​និង​ចំនួន​ ៤៣.៤០០ដើម​ ហើយការដាំដុះដូងនេះ ខ្ញុំ​មិន​ប្រើប្រាស់​ជីគីមី​នោះ​ទេ​ គឺដើម្បី​ចូល​រួម​ចំណែក​បម្រើ​ទីផ្សារ​ក្នុង​ប្រទេស​ និង​អាច​បាន​ចូលរួម​ចំណែក​នាំចេញ​មួយ​ផ្នែក​តូច​ផង​ដែរ​»។  គួរ​ជម្រាប​ថា នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ ជា​​មួយ​អគ្គ​រដ្ឋបាល​គយចិន បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ដូង​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ កាល​ពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ ជាក់ស្ដែង គិត​ត្រឹម​ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដូង​ចំនួន ១​ម៉ឺន ៧​ពាន់​ហិកតា ក្នុង​នោះ ផ្ទៃ​ដី​ប្រមូល​ផល​មាន​ចំនួន ១ម៉ឺន​ ៤​ពាន់ ហិកតា។ ចំណែក​ទិន្នផល​សរុប​នៅ​ក្នុង​ឆ្នាំ​២០២២ នៅ​ទូទាំង​ប្រទេស មាន​ចំនួន​សរុប ២៤ម៉ឺន ៨​ពាន់​តោន៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង