ករណីលាងលុយកខ្វក់នៅសិង្ហបុរី មានការកើនឡើងដល់ជាង២,៤ពាន់លានដុល្លារសិង្ហបុរី ខណៈការស៊ើបអង្កេតនៅតែបន្ត
ទំហំទឹកប្រាក់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ដ៏ធំ ដែលកើតឡើងនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងបន្ថែមទៀតនៅពេលនេះ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាង២,៤ពាន់លានដុល្លារសិង្ហបុរី ឬប្រមាណ១,៨ពាន់លានដុល្លារ ក្នុងការរឹបអូស និងការបង្កកទ្រព្យសម្បត្តិ…។ ជាការពិតណាស់ នេះគឺច្រើនជាងពីរដងនៃតម្លៃដែលរឹបអូសបានកាលពីលើកមុន ១ពាន់លានដុល្លារសិង្ហបុរី បូករួមទាំងរថយន្តទំនើប ផ្ទះ សាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងទៀត ដែលបានរឹបអូសនៅពាក់កណ្តាលខែសីហា បន្ទាប់ពីប៉ូលិសសិង្ហបុរីឆ្មក់ចូលទីតាំងជាច្រើននៅទូទាំងប្រទេសកោះនេះ និងចាប់ខ្លួនជនបរទេសចំនួន១០នាក់។ កាលពីដើមខែកញ្ញា ព្រះរាជអាជ្ញានៅតុលាការ បានធ្វើបច្ចុប្បន្នភាពតួលេខនេះទៅជា១,៨ពាន់លានដុល្លារសិង្ហបុរី។ ប៉ូលិសសិង្ហបុរីកាលពីថ្ងៃពុធទី២០កញ្ញា បានិយាយថា ខ្លួនបានធ្វើប្រតិបត្តិការបន្ថែមទៀត ខណៈទ្រព្យសម្បត្តិជាច្រើនត្រូវបានរឹបអូស។ ទ្រព្យសម្បត្តិដែលប្រមូលបាននៅពេលនេះរួមមាន៖ គណនីធនាគារដែលមានតម្លៃប៉ាន់ស្មានសរុបជាង១,១២៧ ពាន់លានដុល្លារសិង្ហបុរី និងសាច់ប្រាក់រួមទាំងរូបិយបណ្ណបរទេសជាង៧៦លានដុល្លារសិង្ហបុរីបន្ថែមទៀត។ ប៉ូលិសបាននិយាយថា ពួកគេបានរឹបអូសមាសចំនួន៦៨ដុំ ដែលកើនឡើងពីរដុំ ព្រមទាំងកាបូបប្រណីតចំនួន២៩៤ និងនាឡិកាប្រណីតចំនួន១៦៤គ្រឿង។ ពួកគេក៏បានរឹបអូសគ្រឿងអលង្ការចំនួន ៥៤៦ប្រអប់ ដែលកើនឡើងពីជាង២៧០គ្រឿងលើសពីមុន និងឧបករណ៍អេឡិចត្រូនិកចំនួន ២០៤គ្រឿង ដូចជាកុំព្យូទ័រ និងទូរសព្ទដៃទំនើបៗជាដើម។ ឥឡូវនេះមានអចលនទ្រព្យជាង១១០ និងរថយន្តទំនើប៦២គ្រឿង ដែលមានតម្លៃប៉ាន់ស្មានសរុបជាង១,២៤២ពាន់លានដុល្លារសិង្ហបុរី។ រូបិយបណ្ណគ្រីបតូជាង៣៨លានដុល្លារសិង្ហបុរី ក៏ត្រូវបានរឹបអូស រួមជាមួយនឹងស្រាថ្លៃៗ និងគ្រឿងអលង្ការជាច្រើនផងដែរ។ ប៉ូលិសបាននិយាយថា នេះនាំមកនូវតម្លៃសរុបនៃទ្រព្យសកម្មដែលត្រូវបានរឹបអូសកើនឡើងរហូតដល់ជាង២,៤ពាន់លានដុល្លារសិង្ហបុរី ខណៈការស៊ើបអង្កេតកំពុងបន្ត។ ជនសង្ស័យទាំង១០នាក់ មានដើមកំណើតជាជនជាតិចិន ប៉ុន្តែមានសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេសស៊ីប កម្ពុជាជាដើម។ រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនទាំងនោះត្រូវបានបដិសេធមិននៅក្រៅឃុំទេ។ យ៉ាងហោចណាស់ឧក្រិដ្ឋជនពីររូបក្នុងចំណោមពួកគេ ត្រូវបានគេនិយាយថា ប៉ូលិសនៅក្នុងប្រទេសចិនចង់បាន ហើយជនសង្ស័យចំនួន២៤នាក់ទៀត ក៏ត្រូវបានបញ្ជូនឈ្មោះទៅកាន់តុលាការកាលពីចុងខែសីហាផងដែរ។ គួរបញ្ជាក់ថា សមាជិកសភាជាង២០នាក់ បានចោទសួរជាង៣០សំណួរ លើការស៊ើបអង្កេតករណីងលាងលុយកខ្វក់សម្រាប់ចុងក្រោយបង្អស់របស់ប្រទេសសិង្ហបុរី។ យ៉ាងណា ក្រសួងមហាផ្ទៃបានអះអាងថា ខ្លួននឹងធ្វើការជាមួយក្រសួងផ្សេងទៀត ដើម្បីឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងក្នុងខែតុលាជំនួសវិញ៕ សម្រួលដោយ ទៀង បុណ្ណរី