ជប៉ុនប្រាប់ចិន ឱ្យដកឧបករណ៍អណ្តែតទឹកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន
មន្ត្រីជប៉ុនម្នាក់ បាននិយាយនៅថ្ងៃពុធទី២០កញ្ញានេះថា ប្រទេសជប៉ុនបានប្រាប់ទីក្រុងប៉េកាំងឱ្យដកឧបករណ៍អណ្តែតទឹក (buoy) ដែលអណ្តែតនៅក្នុងដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងតូក្យូនៅតំបន់មួយ ដែលមានទីតាំងនៅជិតកោះ ដែលទាមទារដោយប្រទេសទាំងពីរ។ មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា៖«ពួកយើងបានដាក់ការតវ៉ានៅក្នុងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ចាប់តាំងពីឆ្មាំសមុទ្ទរបស់ប្រទេសជប៉ុនក្នុងខែកក្កដាបានរកឃើញឧបករណ៍អណ្តែតទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននៅសមុទ្ទចិនខាងកើត»។ ឧបករណ៍អណ្តែតទឹកនោះ ត្រូវបានគេប្រទះឃើញនៅក្នុងទឹកក្បែរប្រជុំកោះដែលប្រទេសជប៉ុនហៅថា សេនកាគូស Senkakus ខណៈប្រទេសចិនហៅថា ឌឿយយ៉ូស Diaoyus។ មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«យើងបានទាមទារឱ្យមានការដកចេញជាបន្ទាន់នូវឧបករណ៍អណ្តែតទឹក ព្រោះវាផ្ទុយនឹងច្បាប់អន្តរជាតិ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុនដោយគ្មានការយល់ព្រម»។ យោងតាមមន្ត្រីបានឱ្យដឹងថា ប្រទេសចិនបានដាក់ឧបករណ៍អណ្តែតទឹកមួយនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅក្នុងតំបន់ដូចគ្នានៃសមុទ្រចិនខាងកើត ក្នុងឆ្នាំ២០១៨ ផងដែរ។ គួរបញ្ជាក់ថា ភាពមិនចុះសម្រុងគ្នាជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរ ចំណងមិត្តភាពចិន-ជប៉ុន បានធ្លាក់ចុះចាប់តាំងពីទីក្រុងតូក្យូបានបញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហា៕ សម្រួលដោយ ទៀង បុណ្ណរី