ដំណឹងល្អ! ក្រសួងកសិកម្មប្រកាសឱ្យម្ចាស់ចម្ការដូងស្រស់ទៅដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីនាំចេញទៅប្រទេសចិន

រាជធានីភ្នំពេញ៖ ប្រទេសចិនបានអនុញ្ញាតឱ្យដូងស្រស់របស់កម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធនាំចេញទៅកាន់ប្រទេសចិន ចាប់ពីពេលនេះតទៅ។ ការសម្រេចនេះ បានធ្វើឡើងក្រោយពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ​ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥កញ្ញាកន្លងទៅថ្មីៗនេះ…។  ស្របជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០កញ្ញានេះ បានជម្រាបជូនដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ តាមសេចក្តីប្រកាសក្រសួងបានបញ្ជាក់ថា៖«អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូឆ្នាំ២០២៣ខាងមុខ ដើម្បីឱ្យភាគីចិន ពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ»។  យ៉ាងណាមិញ ពាក់ព័ន្ធនឹងពាក្យស្នើសុំចុះបញ្ជីចម្ការដូង និងរោងចក្រវចខ្ចប់សម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន តម្រូវឱ្យប្រធានក្រុមហ៊ុន ឬម្ចាស់ចម្ការភ្ជាប់មកនូវឯកសារមួយចំនួនដើម្បីទទួលបានការត្រួតពិនិត្យវាយតម្លៃ។ ឯកសារទាំង៥នោះ រួមមាន៖ ១.លិខិតអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មដែលកំណត់ពីកម្មវត្ថុអាជីវកម្ម ២. វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម លេខអត្តសញ្ញាណកម្មសារពើពន្ធ (VAT) ៣. បណ្ណប៉ាតង់ឆ្នាំចុងក្រោយ (ស្ថិតក្នុងសុពលភាព) ៤. ប្លង់កម្មសិទ្ធិកាន់កាប់ដីចម្ការ ៥. ឯកសារបច្ចេកទេសរបស់ក្រុមហ៊ុនស្តីពីការគ្រប់គ្រង និង៦. លិខិតផ្លូវការដទៃដែលពាក់ព័ន្ធ (ប្រសិនបើមាន)។ គួររំលឹកផងដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេសមានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង