សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តស្ទឹងត្រែង ជំរុញឱ្យយុវជនខិតខំរៀន ទទួលបាននៅចំណេះដឹង និងជំនាញ នៅថ្ងៃអនាគត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ
ខេត្តស្ទឹងត្រែង ៖ នៅព្រឹក ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ត្រូវនាំគ្នាខិតខំរៀនសូត្រ ក្រេបជញ្ជក់ទទួលបាននូវចំណេះដឹងពិតប្រាកដ និងជំនាញពិត ដើម្បីជាទំពាំងស្នងឬស្សី ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងឱ្យកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត នៅថ្ងៃអនាគត។ លោកមែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានលើកឡើង នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលកំពុងរៀនវគ្គបំប៉ន និងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ។ នាឱកាសនោះដែរ លោក ម៉ែន គុង ក៏បានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅដល់លោកគ្រូ អ្នកគ្រូ ជាពិសេសគឺក្មួយៗសិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។ លោកប្រធាន បានបញ្ជាក់បន្ថែមថា នេះជាតំណាក់កាលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ ដោយធ្វើការរឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជ្រើសរើសសិស្សានុសិស្សដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ ហើយការរឹតបន្តឹងការប្រឡងនេះដែរ ក៏បានកំពុងពញ្ញាក់ស្មារតីរបស់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងឱ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ លោក មែន គុង ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ទៀតថា ការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវធនធានមនុស្សសម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស ពោលគឺការប្រកួតប្រជែងលើគ្រប់ផ្នែក គ្រប់វិស័យ ជាមួយប្រជាជនបណ្តាប្រទេសនានានៅក្នុងសកលលោក ហើយក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ។ ដោយឡែកលោក ម៉ែន គុង ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា ដែលបានខិតខំសម្របសម្រួលដល់ក្រុមការងារបច្ចេកទេស ស.ស.យ.ក ក្នុងការបើកនូវវគ្គបំប៉ន ដល់សិស្សានុសិស្ស ជាបេក្ខជនត្រៀមប្រឡង ហើយក្រុមការងារមានការរួមចំណែក ធ្វើការជាមួយគណៈគ្រប់គ្រងសាសា លោកគ្រូ អ្នកគ្រូ ដើម្បីដំណើរការវគ្គបំប៉ននៅក្នុងឆ្នាំសិក្សាឆ្នាំ២០២២ ២០២៣នេះ ឱ្យប្អូនៗជា សិស្សានុសិស្ស សម្រេចបានគោលដៅ នៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ ដោយទទួលបានជោគជ័យ និងប្រលងជាប់ទាំងអស់គ្នា៕ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី