ការដេញថ្លៃ World Cup 2030 របស់អេស្ប៉ាញខ្លាំងជាងពេលណាទាំងអស់
ប្រធានបណ្ដោះអាសន្នរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Pedro Rocha បានតាំងចិត្តខ្ពស់ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០៣០ រួមជាមួយប្រទេស ព័រទុយហ្គាល់ និងម៉ារ៉ុក គឺនៅតែ “ខ្លាំងជាងពេលណាទាំងអស់”។ ថ្មីៗនេះ Rocha បានរៀបចំកិច្ចប្រជុំនៅទីក្រុង Madrid ជាមួយប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ លោក Fernando Gomes និងប្រធានសហព័ន្ធបាល់ទាត់ម៉ារ៉ុក លោក Fouzi Lekjaa។ ខណៈ FIFA គ្រោងនឹងសម្រេចចិត្តលើការដេញថ្លៃ World Cup ឆ្នាំ២០៣០ នៅខែធ្នូ ឆ្នាំក្រោយ វាជារឿងដ៏ច្របូកច្របល់សម្រាប់អេស្ប៉ាញ បន្ទាប់ពីរឿងអាស្រូវថើបមាត់ពាក់ព័ន្ធនឹងអតីតប្រធានាធិបតី លោក Luis Rubiales។ លោក Rubiales ដែលបានលាលែងពីតួនាទីរបស់ខ្លួនកាលពីថ្ងៃទី១០ ខែកញ្ញា បានអះអាងនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកថា ទង្វើរបស់លោកមិនគួរប៉ះពាល់ដល់ “ក្តីសុបិនឆ្នាំ២០៣០នោះទេ”។ ទោះជាយ៉ាងណា លោក Rocha បានព្យាករពីរូបភាពវិជ្ជមានមួយ បន្ទាប់ពីកិច្ចប្រជុំថ្មីៗនេះ។ លោក ថា ៖«យើងដើរ និងឆ្ពោះទៅមុខ។ ចាប់ដៃគ្នាជាមួយនឹងគោលដៅដែលរំកិល និងធ្វើឱ្យយើងរំភើប។ គម្រោង World Cup 2030 គឺខ្លាំងជាងពេលណាទាំងអស់រួមបញ្ចូលប្រទេសម៉ារ៉ុកនៅក្នុងគម្រោងរបស់យើង»។ ជាមួយគ្នានេះ មាន៤ប្រទេសផ្សេងទៀតក៏គ្រោងរួមដៃគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 ដែរគឺអាហ្វ្រិកខាងត្បូងជាមួយអ៊ុយរូហ្គាយ អាហ្សង់ទីន ឈីលី និងបារ៉ាហ្គាយ។ តាមរបាយការណ៍នៅដើមខែនេះបានលើកឡើងថា ការដេញថ្លៃរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ដៃជាមួយ ក្រិក និងអេហ្ស៊ីប នឹងមិនដំណើរការទៅមុខទេ។ ខណៈមិនទាន់មានការបញ្ជាក់ជាសាធារណៈពីមន្ត្រីបាល់ទាត់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតទេ ប៉ុន្តែប្រទេសមួយនេះបង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅរកការដេញថ្លៃនៅឆ្នាំ២០៣៤ដែលប្រទេសអាស៊ានក៏គ្រោងឆ្នាំនោះដែរ៕ សម្រួលដោយ ទៀង បុណ្ណរី