ពលរដ្ឋថាផ្លូវ១ខ្សែក្នុងស្រុកមង្គលបូរីខូចជាងពីរឆ្នាំគ្មានការអើពើ តែអាជ្ញាធរថាសិក្សារួចហើយ

បន្ទាយមានជ័យ៖ ផ្លូវ១ខ្សែដែលមានប្រវែងជាង៨គីឡូម៉ែត្រ ប្របតាមមាត់ស្ទឹងរហាត់ទឹក និងស្ទឹងបត់ត្រង់ កំពុងរងនូវការខូចខាតយ៉ាងដំណំដោយសារតែទឹកជំនន់ អស់រយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់មិនអើពើលើទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរដឹកកសិផលកសិកម្មឆ្លងកាត់កំណាត់ផ្លូវមួយខ្សែនេះឡើយ…។  ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវ១ខ្សែដែលប្របមាត់ស្ទឹងត្រើយខាងកើតតភ្ជាប់ពីផ្លូវជាតិលេខ៥​​ ឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក បានរងនូវការខូចខាតរយៈពេល២ឆ្នាំមកហើយ ក្រោយទឹកជំនន់បានបំផ្លិចបំផ្លាញ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅស្របតាមបណ្តោយផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយខ្សែនេះជួបការលំបាកជាខ្លាំង ពិសេសនៅរដូវវស្សាមានទឹកដក់ដូចបច្ចុប្បន្ននេះ គឺមិនងាយស្រួលធ្វើដំណើរឆ្លងកាត់ឡើយ ព្រោះមានជង្ហុកធំៗ ក្រឡុកដក់ទឹកបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរ និងជះទឹកប្រឡាក់សម្លៀកបំពាក់សិស្សសាលាពេលធ្វើដំណើរទៅសាលារៀន ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដូចជា៖ មេភូមិ មេឃុំ និងអាជ្ញាធរស្រុក ហាក់មិនអើពើនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋនេះឡើយ ទោះបីជាអស់លោកទាំងនោះ បានធ្វើដំណើរឆ្លងកាត់លើផ្លូវមួយខ្សែនេះដែរ តែភ្នែកអស់លោកទាំងនោះមិនបានមើលឃើញជង្ហុកទាំងនោះទេ។ ទោះយ៉ាងណា ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើស្នើសុំឱ្យអភិបាលស្រុក និងមន្ត្រីនៃបណ្តាមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើល និងជួយដោះស្រាយលើករណីនេះផង បើមិនទាន់មានលទ្ធភាពធ្វើថ្មី ក៏បានត្រឹមជួយជួសជុល ឬសម្រួលធ្វើយ៉ាងណាឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកបានស្រួលផង។  ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី បានថ្លែងប្រាប់ភ្នាក់ងារព័ត៍មានយើងកាលពីថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៣ថា ផ្លូវ១ខ្សែមានប្រវែងជាង៨គីឡូម៉ែត្រ ដែលរងនូវការខូចខាតដោយទឹកជំនន់នោះ ឃើញឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ទីរជំនាញចុះមកពិនិត្យម្ដងរួចមកហើយ គឺអាចជួសជុល ឬស្ថាបនានៅពេលខាងមុខនេះ។ តែមិនទាន់ដឹងនៅពេលណាឱ្យច្បាស់នៅឡើយទេ ព្រោះផ្លូវមួយខ្សែនេះគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។ ចំណែក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា ផ្លូវ១ខ្សែនេះមន្ទីរជំនាញបានធ្វើរបាយការណ៍ស្នើទៅក្រសួង និងបានចុះសិក្សាគម្រោងកសាងឡើងវិញនៅអំឡុងឆ្នាំ២០២៣-២០២៧ ក្នុងចំណោមចំនួន១៩ខ្សែប្រវែងជិត៣០០គីឡូម៉ែត្រទូទាំងខេត្តបន្ទាយមានជ័យរួចហើយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង