ជាកំហុសនរណា.. ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ដើរធ្លាក់ចូលទឹកប្រឡាយចិនស្លា.ប់យ៉ាងអាណោចអាធ័ម..?
បាត់ដំបង៖ ក្មេងប្រុសវ័យ២ឆ្នាំម្នាក់ បានធ្លាក់ចូលទឹកប្រឡាយចិនស្ថិតនៅក្រុមទីមួយ ភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង បាត់បង់ជីវិតកាលពីវេលាម៉ោង១៧ៈ១៥នាទីថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣ ធ្វើឱ្យឪពុកម្តាយទ្រហ៊ោយំបោកខ្លួន ប៉ុន្តែមហាជនចោទជាសំណួរថា តើវាជាកំហុសនរណា ទើបធ្វើឱ្យហេតុការណ៍មួយនេះក្លាយជាសោកនាដកម្ម…? យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ កើតឡើងនៅប្រឡាយចិនមួយកន្លែង ត្រង់ចំណុចខាងត្បូងវត្តបាណន់ ស្ថិតក្នុងក្រុមទី០១ ភូមិបាណន់ ឃុំកន្ទឺ២ ដោយមានក្មេងប្រុសម្នាក់ឈ្មោះ រ៉ា សុងហៃ អាយុ២ឆ្នាំលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគេដើរមិនប្រយ័ត្នរអិលជើងរមៀលធ្លាក់ចូលទឹកប្រឡាយ ខណៈឪពុកម្តាយប្រាប់ថាជាប់រវល់ ទើបធ្វេសប្រហែសមិនបានមើលថែរទាំកូនឱ្យបានល្អ និងបានបង្កឱ្យមានវិប្បដិសារីពេញមួយជីវិតរបស់ខ្លួន។ បន្ទាប់ពីធ្វើកោសល្យវិច័យលើសពក្មេងប្រុសរួច ដែលកំណត់ថា មិនជាប់ពាក់ព័ន្ធនឹងឃាតកម្ម អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានប្រគល់សពឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនជាទីស្រឡាញ់នេះផងដែរ។យ៉ាងណា មហាជនបានចោទជាសំណួរថា តើនេះជាកំហុសរបស់នរណា..? ក្នុងនាមជាឪពុកម្តាយ គាប្បីត្រូវមើលថែទាំកូនតូចឱ្យបានជាប់លាប់ក្នុងពេលដែលពួកគេស្ថិតក្នុងវ័យក្មេងសេចក្តីបែបនេះ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកូនតូចដើរឆ្ងាយពីខ្លួនឡើយ។ ការណ៍នេះ មហាជនមិនបានដាក់បន្ទុកបន្ថែមទៅលើឪពុកម្តាយរបស់ក្មេងតូចទេ ប៉ុន្តែវាពិតជាសោកស្ដាយណាស់ដែលពួកគាត់គ្មានទំនួលខុសត្រូវលើកូនតូចរបស់ខ្លួន រហូតបង្កឱ្យមានវិប្បដិសារីបែបនេះកើតឡើង។ ករណីខាងលើ ក៏អាចចាត់ទុកជាមេរៀនជីវិតមួយសម្រាប់មាតាបិតាគ្រប់រូបផងដែរ ចំពោះទំនួលខុសត្រូវលើការមើលថែទាំកូនតូចៗរបស់ខ្លួនឱ្យបានល្អប្រសើរ បើពុំនោះទេពួកគេអាចនឹងរឿងអកុសលដូចករណីខាងលើនេះជាយថាហេតុណាមួយកើតឡើងមិនខាន…៕ សម្រួលដោយ ទៀង បុណ្ណរី