អគ្គកុងស៊ុលស្វីស ស្នើកម្ពុជាបន្តការពារសុវត្ថិភាពដល់ជនជាតិស្វីសដែលមកកម្ពុជា

អគ្គកុងស៊ុលស្វីស លោក Jacques Edouard Baudevin បានស្នើដល់កម្ពុជាឱ្យបន្តជួយការពារ និងរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងជនជាតិស្វីសដែលធ្វើទស្សនកិច្ច ឬស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា។ ការសំណូមពរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូអគ្គកុងស៊ុលស្វីស និងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គមនៅថ្ងៃដដែល។  នៅក្នុងខ្លឹមសារនោះ គណៈប្រតិភូស្វីស លោក Jacques Edouard Baudevin បានសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលចរាចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ វិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬ មកស្នាក់នៅ និងមកធ្វើការនៅកម្ពុជា។  ជាការឆ្លើយតប លោក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានឯកភាពចំពោះការលើកឡើងរបស់ លោក Jacques Edouard Baudevin ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តកម្ពុជា​ ជាមួយកុងស៊ុលស្វីស ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានភាពល្អប្រសើរទៀត។ លោកបន្តថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ចាំទទួលសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។  បន្ថែមពីនេះ លោកក៏បានបញ្ជាក់ដល់ប្រតិភូស្វីស ថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព និងសម្រួលដោះស្រាយរាល់បញ្ហាសំណើ សំណូមពររបស់ភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ជាតិសាសន៍ ជាពិសេសគឺជនជាតិស្វីស៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង